ពីភាគពាយ័ព្យប្រទេសកម្ពុជា មានសេចក្តីរាយការណ៍មកថា ជនជាតិថៃចំនួន ៤នាក់ បានលបលួចយកអាវុធឆ្លងដែនខុសច្បាប់ចូលក្នុងទឹកខ្មែរ ក្នុងស្រុកសំពៅលូនខេត្តបាត់ដំបង។
អាជ្ញាធរខ្មែរបានចាប់ឃាត់ខ្លួនជនជាតិថៃ ៤នាក់ ដែលបាននាំយកកាំភ្លើងវែងខ្លីចំនួន ២ដើម និងគ្រាប់បែកដៃមួយគ្រាប់ផង ពីស្រុកខ្លងហាត ខេត្តស្រះកែវ ប្រទេសថៃ ឆ្លងដែនខុសច្បាប់កាត់តាមច្រកភ្នំដី ចូលមកទឹកដីខ្មែរ ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង។
លោកឧត្តមសេនីយ៍ ប៉ោ វណ្ណះ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបងបានមានប្រសាសន៍ថា ការចាប់ឃាត់ខ្លួនជនជាតិថៃទាំង ៤នាក់នេះ គឺដោយសារពួកគេបាននាំអាវុធឆ្លងដែនខុសច្បាប់ចូលមកក្នុងទឹកដីកម្ពុជា នាព្រឹកថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០១១ ៖ «បួននាក់ហ្នឹង មានកាំភ្លើងអាកា ១ដើម កាំភ្លើងខ្លី ១ដើម នៅឥឡូវសមត្ថកិច្ចកំពុងស្រាវជ្រាវ ប៉ុន្តែវាចូលមកអត់មានច្បាប់មានទម្លាប់ ធ្វើហើយយើងបញ្ជូនទៅបញ្ជាការ ចាំគោលការណ៍ទៅថ្នាក់ដឹកនាំតាមនីតិវិធី ឥឡូវសំខាន់គឺស្ថិតនៅលើការស្រាវជ្រាវមិនជាទាហានទេ ជាស៊ីវិលតាមមើល ព្រោះយើងអត់ទាន់ប្រាកដ អត់ទាន់ថាម៉េចទេ ទោះបីទាហានក៏វាខុសច្បាប់ចូលមកកាន់កាំភ្លើងចូលមកអត់មានការអនុញ្ញាតិច្បាប់»។
ប្រភពពីប្រជាពលរដ្ឋខ្មែរនៅតំបន់ជាយដែនក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង បានថ្លែងថា ជនជាតិថៃទាំង៤នាក់នោះ ស្លៀកពាក់ស៊ីវិល បានជិះរថយន្តពីស្រុកខ្លងហាត ខេត្តស្រះកែវ ប្រទេសថៃ ឆ្លងកាត់ច្រកភ្នំដី ដោយមាននាំអាវុធឆ្ពោះទៅចម្ការដើមដូងប្រេងមួយកន្លែង ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ៖«បើតាមមើល ខាងស៊ើបការណ៍ឲ្យថៃ វាអត់ទុកចិត្តទាហាន ឬជាអ្វីនោះទេ តែគ្រាន់តែថា ចាប់បួននាក់ហ្នឹងខាងផ្នែក ប៉េអិម»។
ទោះយ៉ាងណាក្រុមមន្ត្រីកងរាជអាវុធហត្ថខេត្តបាត់ដំបង នៅមិនបានបញ្ជាក់ពីអត្តសញ្ញាណជនជាតិថៃទាំង ៤នាក់នោះឲ្យបានច្បាស់លាស់ទេ ដោយបច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការសាកសួរ ដើម្បីប្រមូលព័ត៌មានបន្ថែមទាក់ទិនការឆ្លងដែនខុសច្បាប់ចូលដីខ្មែរ ដោយមាននាំអាវុធមកជាមួយផង។
ការនាំអាវុធឆ្លងដែនខុសច្បាប់ចូលក្នុងទឹកដីខ្មែររបស់ជនជាតិថៃទាំង ៤នាក់នេះ គឺបានធ្វើឡើងស្របពេលដែលកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា-ថៃ កំពុងពើបប្រយុទ្ធគ្នាជាបន្តបន្ទាប់ នៅតំបន់ព្រំដែន ម្តុំប្រាសាទតាមាន់ និងប្រាសាទតាក្របី ក្នុងខេត្តឧត្តរមានជ័យ ប្រទេសកម្ពុជា។
លោក ប្រាជ្ញ ចន្ទ អភិបាលខេត្តបាត់ដំបង នៅមិនទាន់ធ្វើការអត្ថាធិប្បាយបែបណាជុំវិញករណីជនជាតិថៃទាំង ៤នាក់ ដែលអាជ្ញាធរបានធ្វើការឃាត់ខ្លួននេះ ដោយលោកបញ្ជាក់ថា ទុកឲ្យខាងជំនាញធ្វើការសាកសួរឲ្យបានច្បាស់លាស់ជាមុនសិន ៖«ឥឡូវហ្នឹង បងប្អូនកំពុងបន្តធ្វើការរករឿងរ៉ាវឲ្យច្បាស់លាស់ ព្រោះថា ក្រុមហ្នឹងថាមកធ្វើចម្ការ តែមានអាវុធនៅជាមួយហ្នឹង អាហ្នឹងខ្ញុំជំរាបជូនប៉ុណ្ណឹងសិនចុះ ចាំមើលដល់លទ្ធផលចុងក្រោយយ៉ាងម៉េចទៀត អ្នកធ្វើចម្ការរូបភាពចម្ការ ប៉ុន្តែស្អីៗផ្សេងៗទៀត ចាំមើលយើងស៊ីជំរៅសិន»។
ប្រភពពីមន្ត្រីកងរាជអាវុធហត្ថបានឲ្យដឹងថា ជនជាតិថៃទាំង ៤នាក់ ដែលរងការឃាត់ខ្លួននាំអាវុធឆ្លងដែនខុសច្បាប់ចូលក្នុងទឹកដីខ្មែរ ត្រូវបានគេបញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបងហើយ នៅរសៀលថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០១១ នេះ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់របស់ប្រទេសកម្ពុជា។
រដ្ឋាភិបាលខ្មែរ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១០ កន្លងទៅ ធ្លាប់បានចាប់ជនជាតិថៃ ៧នាក់ ក្នុងនោះមានអ្នកតំណាងរាស្ត្រថៃផង ដោយចោទប្រកាន់ពីបទឆ្លងដែនខុសច្បាប់ចូលក្នុងទឹកដីខ្មែរ ក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ហើយបានបញ្ជូនខ្លួនទៅទីក្រុងភ្នំពេញ ឲ្យតុលាការខ្មែរផ្ដន្ទាទោសទៅតាមច្បាប់របស់ប្រទេសកម្ពុជា៕
0 comments:
Post a Comment