លោក ចៅ ហេន ត្រូវអាជ្ញាធរវៀតណាមចាប់ខ្លួន និងកាត់ទោសឲ្យជាប់គុកចំនួនពីរឆ្នាំ ដោយគ្មានមេធាវីការពារក្តីរកយុត្តិធម៌តាមផ្លូវច្បាប់ឡើយ។
លោក ចៅ ហេន ត្រូវបានវៀតណាមចោទថាសមាជិកសហព័ន្ធខ្មែរកម្ពុជាក្រោម ធ្វើបាតុកម្មទាមទាររំដោះទឹកដីកម្ពុជាក្រោម កាលពីឆ្នាំ២០០៨
ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម គ្រោងនឹងផ្ញើលិខិតទៅអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) នៅទីក្រុងហ្សឺណែវ នៅទីក្រុងបាងកក ប្រទេសថៃ និងអង្គទូតទាំងអស់នៅក្នុងប្រទេសវៀតណាម នៅដើមសប្ដាហ៍ក្រោយនេះ ដើម្បីសុំឲ្យដោះលែងលោក ចៅ ហេន ដែលត្រូវបានតុលាការកាត់ទោសឲ្យជាប់គុកចំនួនពីរឆ្នាំ កាលពីថ្ងៃទី៣១ មីនា កន្លងទៅ។
លោក ថាច់ ងុកថាច់ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមបានមានប្រសាសន៍តាមទូរស័ព្ទពី ប្រទេសកាណាដាឲ្យវិទ្យុអាស៊ីសេរីដឹងនៅថ្ងៃទី២ មេសា នេះថា តុលាការវៀតណាមបានកាត់ទោសលោក ចៅ ហេន គឺជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ពីព្រោះថាលោក ចៅ ហេន ជាមនុស្សមានជំងឺ ដែលនៅក្នុងគុកជាងបីខែកន្លងមក និយាយមិនចេញ បាត់បង់ស្មារតី ហើយត្រូវបានតុលាការយកកាត់ទោស និងផ្ដន្ទាទោសទៅវិញ។
លោក ថាច់ ងុកថាច់ បានបញ្ជាក់ថា លោកបានរៀបចំពាក្យបណ្ដឹងរួចរាល់ហើយ ដើម្បីដាក់ទៅអង្គការសហប្រជាជាតិ UNHCR និងអង្គទូតនានា នៅក្នុងប្រទេសវៀតណាម ដើម្បីសុំឲ្យដោះលែងលោក ចៅ ហេន ជាបន្ទាន់ ព្រោះលោកកំពុងតែមានជំងឺធ្ងន់ធ្ងរនៅក្នុងមន្ទីរឃុំឃាំងនោះ ៖ "ទី មួយឲ្យរដ្ឋាភិបាលយួនដោះលែងលោក ចៅ ហេន ដោយគ្មានលក្ខខ័ណ្ឌ ទីពីរ អង្គការសហប្រជាជាតិត្រូវដាក់គំនាបសង្កត់លើរដ្ឋាភិបាលយួន លើករណីលោក ចៅ ហេន"។
លោក ចៅ ហេន ត្រូវបានអាជ្ញាធរវៀតណាមស្រុកស្វាយទងចាប់ខ្លួនកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១០ នៅខណៈដែលលោកបានត្រលប់ពីការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុក ជនភៀសខ្លួន (UNHCR) នៅប្រទេសថៃ តាមការណែនាំរបស់អង្គការនេះ ឲ្យវិលមកស្រុកកំណើតរបស់ខ្លួន ថាពុំមានការចាប់ខ្លួនអ្វី ពីអាជ្ញាធរវៀតណាមទេ ផ្ទុយទៅវិញ នៅពេលលោកទៅដល់ផ្ទះប្រមាណជា ២ម៉ោង ត្រូវបានអាជ្ញាធរវៀតណាមតាមចាប់ខ្លួនដល់ផ្ទះ។
ការវិលត្រលប់មកស្រុកកំណើតវិញរបស់លោក ចៅ ហេន កាលពីខែធ្នូ ឆ្នាំ២០១០ នោះ នៅបន្ទាប់ពីលោកបានស្នើសុំសិទ្ធិជាជនភៀសខ្លួនពីអង្គការ UNHCR ប្រចាំនៅទីក្រុងបាងកក ប្រទេសថៃ មិនបានសម្រេច។
កាលពីថ្ងៃទី៣១ មីនា សាលាដំបូងស្រុកស្វាយទង ខេត្តមាត់ជ្រូក បានកាត់ទោសលោក ចៅ ហេន ឲ្យជាប់គុក ២ឆ្នាំ ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណ និងបង្កអសន្តិសុខសង្គម ហើយតុលាការបានទុកពេលឲ្យគ្រួសាររបស់លោក រយៈពេល ១៥ថ្ងៃ ដើម្បីប្ដឹងឧទ្ធរណ៍។
ក្រោយពេលតុលាការបានប្រកាសសាលក្រមផ្ដន្ទាទោសរួច អាជ្ញាធរវៀតណាមបានបញ្ជូនលោក ចៅ ហេន ទៅដាក់គុកខែត្រមាត់ជ្រូក វៀតណាមហៅថាទីក្រុងបារាជ ឬទីក្រុងឡុងស្វៀង (Long Xuyen)។
ភរិយារបស់លោក ចៅ ហេន អ្នកស្រី នាង ធួន បានរៀបរាប់ពីដំណើររឿងនៅក្នុងសវនាការ កាលពីថ្ងៃទី៣១ មីនា នោះថា ស្វាមីរបស់អ្នកស្រីមិនអាចនិយាយរួចនោះទេ ហើយគេពុំអនុញ្ញាតឲ្យអ្នកស្រីឆ្លើយឆ្លងអ្វីទាំងអស់នៅក្នុង សវនាការនោះ កុំថាឡើយមានមេធាវីការពារក្ដីប្ដីអ្នកស្រី គឺលោក ចៅ ហេន។
អ្នកស្រី នាង ធួន បានអះអាងថា នៅក្នុងសវនាការនោះ លោក ចៅ ហេន និយាយមិនរួចទេ ព្រោះថា បន្ទាប់ពីប្ដីអ្នកស្រីនៅក្នុងមន្ទីរឃុំឃាំងជាងបីខែមកនេះ គឺប្ដីអ្នកស្រីមានជំងឺកាន់តែធ្ងន់ធ្ងរៗ ទៅ ហើយនិយាយស្រដីអ្វីមិនបានរួចនោះឡើយ ៖ "មិនរស់ទេ គេដាក់ពីរឆ្នាំ គាត់ឈឺទៀតហើយ យកចៅទៅពីរនាក់គេមិនឲ្យចូលទេ គាត់អង្គុយហ្នឹងសុទ្ធតែទ្រទេ បើមិនទ្រ គាត់អង្គុយមិននឹងទេ ទៅហៅពេទ្យមើលគេមិនឲ្យទៅទៀត"។
ភរិយាលោក ចៅ ហេន គឺអ្នកស្រី នាង ធួន បានរៀបរាប់អំពីការភៀសខ្លួនរបស់គ្រួសារគាត់ទៅប្រទេសថៃកាលពី ថ្ងៃទី៨ ខែមេសា ឆ្នាំ២០០៨ នោះថា ស្វាមីគាត់ គឺលោក ចៅ ហេន ធ្លាប់បានដឹកនាំប្រជាពលរដ្ឋខ្មែរក្រោមជាង ៦រយនាក់ ធ្វើបាតុកម្មទាមទារដីស្រែចម្ការ ដែលអាជ្ញាធរវៀតណាមរឹបអូសយកក្នុងអំឡុងពេលឆ្នាំ១៩៨០។
បន្ទាប់ពីបានដឹកនាំធ្វើបាតុកម្ម នៅថ្ងៃទី៨ ខែមេសា ដដែលនោះ វេលាម៉ោង ៣ជិតភ្លឺ លំនៅឋានរបស់គាត់ត្រូវបានគេបោកគ្រាប់បែកចូលក្នុងផ្ទះ ទើបគ្រួសារអ្នកស្រីបានរត់គេចខ្លួនទៅកាន់អង្គការ UNHCR នៅប្រទេសថៃ ឲ្យជួយអន្តរាគមន៍ ក្នុងនាមជាជនភៀសខ្លួន តែត្រូវអង្គការនេះមិនទទួលស្គាល់ទៅវិញ។
លោក ថាច់ ងុកថាច់ បានថ្កោលទោសចំពោះតុលាការវៀតណាមថា ការកាត់ទោសលោក ចៅ ហេន នេះ ជាការខុសទាំងច្បាប់ជាតិវៀតណាម និងច្បាប់អន្តរជាតិ ព្រោះថាគ្មានច្បាប់ណាដែលចែងថា គេយកមនុស្សមានជំងឺដែលនិយាយមិនរួច ទៅធ្វើការកាត់ទោសនោះទេ ៖ "ប្រទេស ណាក៏គេគ្មានយកមនុស្សរបៀបហ្នឹងទៅកាត់ទោសដែរ ហើយយើងខ្ញុំនឹងធ្វើការតវ៉ា ហើយបើសិនជាមនុស្សគេមិនធ្វើដូច្នោះទេ"។
វិទ្យុអាស៊ីសេរីមិនអាចសុំការបំភ្លឺពីមន្ត្រីស្ថានទូតវៀតណាម ប្រចាំនៅកម្ពុជា គឺលោក ឡេ មិញ ង៉ុក បានទេ នៅថ្ងៃសៅរ៍ ទី២ មេសា នេះ ប៉ុន្តែលោក ឡេ មិញ ង៉ុក ធ្លាប់បានប្រាប់វិទ្យុអាស៊ីសេរីផ្នែកភាសាវៀតណាមថា អង្គការខ្មែរក្រោមចោទប្រកាន់វៀតណាម ថាមានការរើសអើងខ្មែរកម្ពុជាក្រោមគឺជាព័ត៌មានប្រឆាំងវៀតណាម និងបំផ្លិចបំផ្លាញចំណងសាមគ្គីភាពរវាងវៀតណាម និងកម្ពុជា ពិសេសករណីលោក ចៅ ហេន ជាដើម។ លោកបញ្ជាក់ថា ប្រទេសវៀតណាមតែងផ្ដន្ទាទោសស្របទៅតាមច្បាប់វៀតណាម ហើយក៏គ្មានករណីបែងចែក ឬរើសអើងនោះទេ ៖ "ករណីលោក ចៅ ហេន ត្រូវបញ្ជូនទៅតុលាការ ព្រោះទោសកំហុសរបស់លោក គឺមានភស្តុតាងគ្រប់គ្រាន់"។
ទោះជាយ៉ាងណា ករណីលោក ចៅ ហេន នេះ ភរិយារបស់លោក គឺអ្នកស្រី នាង ធួន និងសមាគមខ្មែរកម្ពុជាក្រោមធ្លាប់បានអំពាវនាវ និងស្នើសុំឲ្យរដ្ឋាភិបាលកម្ពុជាជួយអន្តរាគមន៍ទៅរដ្ឋាភិបាលវៀតណាម ដើម្បីឲ្យដោះលែងលោក ចៅ ហេន វិញ កាលពីខែមករា ឆ្នាំ២០១១។
ប៉ុន្តែត្រូវបានមន្ត្រីនាំពាក្យក្រសួងមហាផ្ទៃកម្ពុជា លោក ខៀវ សុភគ្រ បានបញ្ជាក់ថា ការស្នើសុំណាមួយនោះ ជាសិទ្ធិរបស់បុគ្គលម្នាក់ៗ ប៉ុន្តែកម្ពុជាមិនអាចលូកដៃកិច្ចការផ្ទៃក្នុងរបស់ប្រទេសវៀតណាម បានទេ ព្រោះប្រទេសនៅតំបន់អាស៊ានមានអធិបតេយ្យភាពរបស់ខ្លួន។
មន្ត្រីជាន់ខ្ពស់គណបក្សសមរង្ស៊ី និងជាអ្នកតំណាងរាស្ត្រ លោក សុន ឆ័យ បានសម្ដែងនូវការសោកស្ដាយចំពោះរដ្ឋាភិបាលកម្ពុជា ដែលមិនបានការពារជនជាតិរបស់ខ្លួន ព្រោះថាខ្មែរកម្ពុជាក្រោមគឺជាជនខ្មែរដូចគ្នា តែត្រូវបានរដ្ឋាភិបាលខ្មែរមិនយកចិត្តទុកដាក់ទៅវិញ ៖ "យើងឃើញ កំហុសរដ្ឋាភិបាលហ្នឹងធ្ងន់ធ្ងរមែនទែន ព្រោះថាក្នុងរដ្ឋធម្មនុញ្ញមាត្រាមួយចំនួន បានចែងថាពលរដ្ឋខ្មែរទោះរស់នៅណាក៏ដោយ គឺរដ្ឋគាំពារ ទោះបីរស់នៅអាមេរិក វៀតណាមក្ដី ថៃក្ដី រដ្ឋាភិបាលមានតួនាទីដើម្បីគាំពារ ធានាដើម្បីសុវត្ថិភាពអ្នកទាំងនេះ ខ្លួនខ្ញុំផ្ទាល់ធ្លាប់ចុះទៅកម្ពុជាក្រោម ឃើញគេធ្វើបាបពលរដ្ឋរបស់ខ្លួន គឺមានការអាណោចអាធ័មណាស់ មិនគប្បីយើងអនុញ្ញាតឲ្យនៅស្រុកយើងបង្កើតសមាគមការពារជនជាតិគេ"។
ទោះជាយ៉ាងណាក៏ដោយ លោក ថាច់ ងុកថាច់ បានអំពាវនាវឲ្យអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន UNHCR ត្រូវតែជួយអន្តរាគមន៍ចំពោះករណីលោក ចៅ ហេន នេះទៅរដ្ឋាភិបាលកុម្មុយនិស្តវៀតណាម ឲ្យដោះលែង ចៅ ហេន នៅក្រៅឃុំវិញ ព្រោះថា វាជារឿងអយុត្តិធម៌ និងរំលោភសិទ្ធិមនុស្ស ដែលគេយកលោក ចៅ ហេន ទៅដាក់គុកងងឹតទាំងមិនមានកំហុសអ្វីទាល់តែសោះនោះ ហើយថា អង្គការ UNHCR គឺជាអ្នកទទួលខុសត្រូវលើករណីលោក ចៅ ហេន នេះផងដែរ ព្រោះលោកបានជំរុញឲ្យ ចៅ ហេន ចូលស្រុកកំណើតវិញ ដោយមិនបានធានាថា គ្មានការចាប់ខ្លួនពីអាជ្ញាធរវៀតណាមនោះទេ៕
North Korea defection: Warning shots as soldier crosses border to South
-
The North Korean soldier had walked across the Demilitarized Zone (DMZ)
shortly after 08:00 (23:00 Wednesday).
He had emerged from thick fog at a checkpoin...
6 years ago
0 comments:
Post a Comment