កម្ពុជា​៖ ​ថៃ​កំពុង​ដណ្ដើម​កាន់កាប់​ប្រាសាទ​តា​មាន់

2011-04-24 ប្រទេស​​កម្ពុជា និង​ថៃ​​កំពុង​ចោទ​ដាក់​គ្នា​ទៅ​មក​អំពី​ការ​ផ្ដើម​ប្រយុទ្ធ​គ្នា ចូល​ដល់​​ថ្ងៃ​ទី​បី​នៅ​តំបន់​ប្រាសាទ​តា​មាន់​ខេត្ត​ឧត្តរ​មាន​ជ័យ។ អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា កងទ័ព​ថៃ​បាញ់​ជញ្ជ្រំ​កាំភ្លើង​ធំ និង​ការ​វាយ​សម្រុក​ដោយ​កម្លាំង​ទ័ព​ថ្មើរ​ជើង​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ទី ២៤ មេសា គឺ​ដើម្បី​កាន់កាប់​ប្រាសាទ​តា​មាន់។ រហូត​មក​ដល់​នេះ កងទ័ព​កម្ពុជា​កំពុង​ប្រយុទ្ធ​ការពារ​ទី​នោះ។ នាយករដ្ឋមន្ត្រី​ថៃ លោក អាភីស៊ិត វ៉េតចាជីវ៉ាក់ ថ្លែង​ថា ថៃ​គ្មាន​នយោបាយ​រក​រឿង​ប្រទេស​ជិត​ខាង​ទេ ហើយ​ការ​ប្រយុទ្ធ​គ្នា​ជា​ថ្មី​នេះ​បាន​ចាប់​ផ្ដើម​ឡើង​ដោយ​ភាគី​កម្ពុជា ហើយ​កងទ័ព​ថៃ​ចាំបាច់​ត្រូវ​តបត​វិញ​ដើម្បី​ការពារ​ប្រជា​ពលរដ្ឋ​របស់​ ខ្លួន។ លោក​បញ្ជាក់​ថា «យើង​តម្រង់​ដាក់​តែ​គោលដៅ​យោធា​ប៉ុណ្ណោះ»។ សេចក្ដី ​ប្រកាស​ព័ត៌មាន​អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា សរសេរ​ថា ថៃ​បាញ់​ផ្លោង​អាវុធ​ធុន​ធ្ងន់​រាប់​រយ​គ្រាប់​ចូល​តំបន់​គោកមន ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តរ​មានជ័យ ដែល​ជា​តំបន់​ពលរដ្ឋ​ស៊ីវិល​កំពុង​រស់​នៅ។ សម្លេង​គ្រាប់​ផ្លោង​ជា​ច្រើន ​គ្រាប់ បាន​ផ្ទុះ​ឡើង​ជា​ថ្មី​ម្ដង​ទៀត នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ទី ២៤ ខែ​មេសា​នេះ នៅ​តំបន់​ប្រាសាទ​តា​មាន់ និង​តា​ក្របី ដែល​ជា​ចំណុច​សមរភូមិ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​កម្ពុជា និង​ថៃ រយៈ​ពេល​ពីរ​ថ្ងៃ​ កាល​ពី​ថ្ងៃ​សុក្រ និង​ថ្ងៃ​សៅរ៍។ អ្នក​យក​ព័ត៌មាន​ វិទ្យុ​អាស៊ី​សេរី​បាន​រាយការណ៍​មក​ថា ស្នូរ​គ្រាប់​កាំភ្លើង​បាន​ផ្ទុះ​ឡើង​នៅ​ម៉ោង ៩ និង ៤៥ នាទី បន្ត​រហូត​មក​ដល់​ម៉ោង ១២ ថ្ងៃ​ត្រង់​មាន​ចំនួន​ជាង ១៣០ គ្រាប់។ ប្រភព​ព័ត៌មាន​ពី​ទី​បញ្ជា ការ​ទិស​ឧត្តរ​មានជ័យ​បាន​ឱ្យ​ដឹង​ថា កងទ័ព​ថៃ​នៅ​ច្រក​ប្រាសាទ​តា​មាន់​ចំនួន ៧ នាក់​របួស និង​ម្នាក់​ទៀត ដែល​ជា​ប្រធាន​ទំនាក់ទំនង​ច្រក​នេះ បាន​ស្លាប់​នៅ​មន្ទីរ​ពេទ្យ។ មិន​ទាន់​មាន​របាយការណ៍​អំពី​ការ​ខូច​ខាត​ខាង​ខ្មែរ​នៅ​ឡើយ​ទេ៕


Widget by Forex Trading | Business

comment 0 comments:

Post a Comment

Delete this element to display blogger navbar

 
© K-mall | Design by Blog template in collaboration with Concert Tickets, and Menopause symptoms
Powered by Blogger