2011-04-21
អ្នកភូមិបឹងកក់ប្រមាណ ១០០នាក់ ត្រូវសមត្ថកិច្ចចម្រុះប្រើអំពើហិង្សាបង្ក្រាប ខណៈពួកគេប្រមូលផ្ដុំគ្នានៅមុខសាលារាជធានីភ្នំពេញ ដើម្បីសុំឲ្យធ្វើអន្តរាគមន៍ទៅក្រុមហ៊ុនស៊ូកាគូ ឲ្យផ្អាកការបូមខ្សាច់លុបបឹងកក់។
យ៉ាងហោចណាស់មានពលរដ្ឋតំបន់បឹងកក់ ៣នាក់សន្លប់ ១១នាក់ត្រូវបានចាប់ខ្លួនភ្លាមៗ និងពលរដ្ឋមួយចំនួនទៀតបានរងរបួស ក្នុងគ្រាដែលកងកម្លាំងប៉ូលិសប៉េអឹម បានប្រើអំពើហិង្សាវាយបង្ក្រាបដោយខែល និងដំបងឆក់ទៅលើអ្នកតវ៉ាទាំងនោះ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសា នៅខាងមុខសាលារាជធានីភ្នំពេញ។
អ្នកស្រី សុធន់ ពលរដ្ឋតំបន់បឹងកក់ រស់នៅភូមិ១ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ បានថ្លែងថា កម្លាំងសមត្ថកិច្ចបានប្រើអំពើហិង្សាវាយ និងឆក់ទៅលើស្ត្រី ដោយគ្រាន់តែពួកគេទៅសុំឲ្យអាជ្ញាធរក្រុងធ្វើអន្តរាគមន៍ទៅក្រុមហ៊ុនឲ្យបញ្ឈប់ការបូមខ្សាច់ពន្លិចផ្ទះរបស់ពលរដ្ឋប៉ុណ្ណោះ។
អ្នកស្រីបន្តថា ៖ «គ្មានទាមទារដើម្បីអីទេ គេថា ដោះស្រាយ គេអត់ដោះស្រាយឲ្យទេ ទឹកលិចអស់ហើយ ខ្ញុំឈឺចាប់ណាស់ ខ្ញុំឈឺចាប់ជាទីបំផុត។ ខ្ញុំខ្មែរដូចតែគេដែរហេតុអីបានគេធ្វើអ៊ីចឹងដាក់ប្រជាជន? គេវាយ គេអត់មានអាណិតអាសូរប្រជាជនរកដំណោះស្រាយទេ»។
នៅក្នុងព្រឹត្តិការណ៍បង្ក្រាបទៅលើអ្នកភូមិបឹងកក់ ដែលភាគច្រើនលើសលប់ជាស្ត្រីនោះ គេឃើញមានកម្លាំងសមត្ថកិច្ចប្រមាណជាង ១០០នាក់ បានប៉ះទង្គិចដាក់គ្នាជាច្រើនលើក។ ក្រុមបង្ក្រាបបានវាយដោយដំបងឆក់ និងលើកអ្នកភូមិបោះចូលទៅលើរថយន្ត រួមទាំងមានការរុញច្រានគ្នាទៅវិញទៅមកជាមួយអ្នកភូមិ។ ការប៉ះទង្គិចនេះបានបង្កឲ្យស្ត្រីចំនួន ៣នាក់បានសន្លប់ ស្ត្រីវ័យជាង ៧០ឆ្នាំម្នាក់រងរបួសក្បាល និងស្ត្រី ៩នាក់ ព្រមទាំងក្មេងប្រុសអាយុ ១១ឆ្នាំ ២នាក់ទៀត ត្រូវគេចាប់បញ្ជូនទៅស្នងការដ្ឋានរាជធានីភ្នំពេញ។
នៅថ្ងៃនេះដែរ សមាគមការពារសិទ្ធិមនុស្សអាដហុក បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ដោយសរសេរថា បន្ទាប់ពីអ្នកភូមិបានជួបពិភាក្សាជាមួយតំណាងសាលារាជធានីភ្នំពេញ រួមមក សហគមន៍នៅតែតវ៉ា ពីព្រោះពុំមានលទ្ធផលជាវិជ្ជមាននោះ កងកម្លាំងប្រដាប់អាវុធបានចូលវាយបំបែកអ្នកភូមិ ដោយធ្វើការវាយដំ ឆក់នឹងដំបងឆក់ ទាត់ ធាក់ទៅលើអ្នកភូមិយ៉ាងសាហាវឃោរឃៅនៅចំពោះមុខមន្ត្រីសាលារាជធានី ដែលបានឈរឱបដៃមើលអំពើហិង្សានេះ។
លោក អំ សំអាត អ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្សរបស់អង្គការលីកាដូ បានចាត់ទុកការបង្ក្រាបរបស់កម្លាំងប៉ូលិសប៉េអឹមនេះថា ជាការប្រើប្រាស់អំពើហិង្សារំលោភសិទ្ធិពលរដ្ឋធ្ងន់ធ្ងរ ៖«ខ្ញុំគិតថា ការប្រើប្រាស់នេះគឺវាជ្រុលហើយ ទោះបីយើងបញ្ចៀសការប៉ះពាល់សណ្ដាប់ធ្នាប់ក៏ដោយ ក៏ត្រូវដោះស្រាយទៅតាមសន្តិវិធីឲ្យអស់លទ្ធភាពសិន យើងមិនកាន់ជើងទេ ថាមានទៅមានមកដែរ ប៉ុន្តែគ្រាន់ថា ប្រជាជនគាត់ប្រើទឹកសុទ្ធ ឬក៏ដៃអីរុញច្រានណាស់ ប៉ុន្តែយ៉ាងណាយើងអាជ្ញាធរត្រូវអត់ធ្មត់ជាងប្រជាពលរដ្ឋ និងដោះស្រាយទៅតាមនីតិវិធីផងដែរ»។
ការប្រើអំពើហិង្សាមកលើអ្នកភូមិនេះ បានធ្វើឡើងក្រោយមួយថ្ងៃបន្ទាប់ពីកិច្ចប្រជុំប្រទេសផ្ដល់ជំនួយមកឲ្យកម្ពុជា កាលពីថ្ងៃទី២០ មេសា ដែលប្រមុខរដ្ឋាភិបាលបានសន្យាអភិវឌ្ឍកម្ពុជា ឲ្យបានស៊ីជម្រៅ រួមទាំងបញ្ហាកែទម្រង់ដីធ្លីផងដែរ។
បន្ទាប់ពីបានឃាត់ខ្លួនអ្នកភូមិមក មន្ត្រីអង្គការសហប្រជាជាតិបានធ្វើអន្តរាគមន៍ទៅស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីដោះលែងពលរដ្ឋវិញរហូតមកដល់ម៉ោងប្រមាណ ៥ល្ងាច តែពុំបានសម្រេច។
ទាក់ទងបញ្ហានេះ ស្នងការរងរាជធានីភ្នំពេញ លោក ប៉ុល ភិធេយ្យ បានថ្លែងថា លោកកំពុងរង់ចាំគោលការណ៍ពីអភិបាលរាជធានីភ្នំពេញ លោក កែប យុតិមា ជាមុនសិន ៖ «គាត់មានបញ្ហាជេរ ការបំពារបំពានលើសមត្ថកិច្ចក្នុងពេលបំពេញភារកិច្ច»។
តែទោះជាយ៉ាងណា រហូតមកដល់ពេលនេះ មនុស្សដែលត្រូវបានកម្លាំងសមត្ថកិច្ចចាប់បញ្ជូនទៅស្នងការដ្ឋានរាជធានីភ្នំពេញ កំពុងស្ថិតនៅក្នុងការឃុំខ្លួននៅឡើយ៕
0 comments:
Post a Comment