2011-04-21
ប្រធានគណបក្សសិទ្ធិមនុស្ស លោក កឹម សុខា កាលពីថ្ងៃពុធ ទី២០ ខែមេសា បានអំពាវនាវឲ្យលោក សម រង្ស៊ី ចូលរួមពិភាក្សាវែកញែកសួរដេញដោលជាសាធារណៈ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ឬតាមរយៈវេទិកាផ្សេងៗ ដើម្បីជម្រះនូវភាពមន្ទិលសង្ស័យរវាងគណបក្សប្រជាធិបតេយ្យទាំងពីរនេះ។
លោក កឹម សុខា មានប្រសាសន៍ថា ដើម្បីជៀសវាងការខ្វែងគំនិតគ្នារវាងគណបក្សសិទ្ធិមនុស្ស និងគណបក្ស សម រង្ស៊ី ក្នុងដំណើរការរួបរួមអ្នកប្រជាធិបតេយ្យ អ្នកស្នេហាជាតិនោះ មេបក្សទាំងពីរគួរធ្វើការសន្ទនា ឬពិភាក្សាគ្នាជាសាធារណៈ ដើម្បីឲ្យពលរដ្ឋដែលជាម្ចាស់ឆ្នោតអាចវិនិច្ឆ័យបាន។
កាលពីថ្ងៃទី១៨ ខែមេសា គណបក្សសិទ្ធិមនុស្សបានផ្ញើលិខិតមួយច្បាប់ទៅកាន់លោក សម រង្ស៊ី ប្រធានគណបក្ស សម រង្ស៊ី ស្នើសុំបង្រួបបង្រួមគណបក្សទាំងពីរ តាមរយៈការបង្កើតចេញជាគណបក្សសម្ពន្ធភាពថ្មីមួយ ដែលមានការចូលរួមនៃគណបក្សទាំងពីរ។
នៅថ្ងៃដដែលនោះ លោក សម រង្ស៊ី បានឆ្លើយតបលោក កឹម សុខា វិញថា មុននឹងមានការជ្រើសរើសយករូបមន្តដើម្បីបង្រួបបង្រួមគ្នា គណបក្សនីមួយៗត្រូវតែបញ្ជាក់ និងបង្ហាញពីស្មារតីនៃការចង់បង្រួបបង្រួមគ្នានោះជាមុនសិន ហើយមិនត្រូវវាយប្រហារភាគីម្ខាងទៀតជាគូសត្រូវរបស់ខ្លួននោះឡើយ។
លោក សម រង្ស៊ី បានចោទប្រកាន់គណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា ថា បានប្រើវិធីអូសទាញសមាជិក ឬសកម្មជននៃគណបក្ស សម រង្ស៊ី ដូចគ្នាទៅនឹងរបៀបអូសទាញរបស់គណបក្សកាន់អំណាចនោះដែរ។
នៅថ្ងៃទី១៩ ខែមេសា គណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា បានផ្ញើលិខិតមួយច្បាប់ទៀតទៅលោក សម រង្ស៊ី ថា គណបក្សសិទ្ធិមនុស្សសោកស្ដាយចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់លោក សម រង្ស៊ី ហើយថា ជំហររបស់គណបក្សសិទ្ធិមនុស្សគឺនៅតែចង់បង្រួបបង្រួមអ្នកប្រជាធិបតេយ្យដដែល។
ទាក់ទិននឹងការអំពាវនាវរបស់លោក កឹម សុខា ក្នុងការអញ្ជើញលោក សម រង្ស៊ី ឡើងវេទិកាជជែកវែកញែកសួរដេញដោលគ្នាជាសាធារណៈនេះ ពីប្រទេសបារាំង លោក សម រង្ស៊ី បានឆ្លើយតបតាមទូរស័ព្ទថា ដៃគូដែលត្រូវឡើងវេទិកាសួរដេញដោលជាមួយលោក គឺមានតែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ម្នាក់ប៉ុណ្ណោះ។
អ្នកឃ្លាំមើលដំណើរការលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ក្រុមគណបក្សប្រជាធិបតេយ្យទាំងនេះត្រូវរួបរួមគ្នាជាជាងការរិះគន់ទិតៀនគ្នាទៅវិញទៅមក។
ទោះបីជាយ៉ាងក៏ដោយ ក្រុមអ្នកតាមដានស្ថានភាពនយោបាយនៅកម្ពុជា និយាយថា គណបក្សសិទ្ធិមនុស្ស និងគណបក្ស សម រង្ស៊ី ដែលមានគោលនយោបាយប្រជាធិបតេយ្យដូចគ្នា ហើយកំពុងតទល់ជាមួយគណបក្សកាន់អំណាចនោះ គួរប្រឹងប្រែងជជែកចរចាគ្នាតទៅទៀត ដើម្បីស្វែងរកគោលដៅរួមគ្នាមួយក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា
0 comments:
Post a Comment