2011-04-22
កងទាហានខ្មែរ-ថៃ នៅតាមតំបន់ព្រំដែន បានប៉ះប្រយុទ្ធគ្នាជាថ្មីទៀតនៅព្រឹកថ្ងៃទី២២ មេសានេះ។ទាហានខ្មែរមួយរូបដែលកំពុងប្រយុទ្ធនៅខ្សែត្រៀមជួរមុខតំបន់ ប្រាសាទតាមាន់ធំ បានឲ្យដឹងកាលពីព្រឹកថ្ងៃសុក្រ ទី២២ ខែមេសា ថា ការប្រយុទ្ធគ្នារវាងទាហានខ្មែរ-ថៃ បានចាប់ផ្ដើមឡើងកាលពីវេលាម៉ោងជាង ៦ព្រឹក។
មន្ត្រីយោធាមួយរូបនៅក្នុងកងវរលេខ៤២២ ដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ការប្រយុទ្ធគ្នាដ៏ខ្លាំងក្លារវាងទាហានខ្មែរ-ថៃនោះ មានរយៈពេលប្រមាណជា ៣ម៉ោង ដែលបណ្តាលឲ្យទាហានខ្មែរ ២នាក់នៅតំបន់ប្រាសាទតាក្របី បានស្លាប់ និងទាហាន ៥នាក់ផ្សេងទៀត នៅតំបន់ប្រាសាទតាមាន់ធំបានរងរបួស។
ទោះយ៉ាងណាតួលេខនៃការខូចខាតនោះ មិនទាន់មានការបញ្ជាក់ជាផ្លូវការណាមួយពីមន្ត្រីយោធាជាន់ខ្ពស់ របស់ប្រទេសកម្ពុជា នៅឡើយទេ។
ចំណែកកាសែតបាងកក ប៉ុស្តិ៍ (Bangkok Post) របស់ថៃ បានរាយការណ៍ថា ការប្រយុទ្ធគ្នារវាងទាហានខ្មែរ-ថៃ នៅជាប់ព្រំដែននៃស្រុកភ្នំដងរែក នៃខេត្តសុរិន្ទ របស់ថៃ បណ្ដាលឲ្យទាហានថៃ ចំនួន ៤នាក់ បានរងរបួស និងប្រជាពលរដ្ឋស៊ីវិលមួយចំនួនត្រូវបានជម្លៀសចេញ។
ប្រភពពីកងយោធាខ្មែរបានឲ្យដឹងថា ការប្រយុទ្ធគ្នារវាងទាហានខ្មែរ-ថៃ នៅតាមព្រំដែននៃប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យនោះ គេមានការសង្ស័យថា នៅតំបន់ប្រាសាទតាមាន់ធំ គឺទាហានថៃ អាចនឹងប្រើគ្រាប់ផ្លោងដែលមានជាតិគីមីពុល និងឧស្ម័នដែលធ្វើឲ្យហូរទឹកភ្នែកផងដែរ ពីព្រោះបន្ទាប់ពីមានការប្រយុទ្ធគ្នា គេអះអាងថា ទាហានខ្មែរបានធំក្លិនផ្សែងក្រអូប ហើយបន្ទាប់មកទាហានមួយចំនួនមានអាការៈឈឺក្បាល វិលមុខ និងមានការក្រហាយភ្នែកផង៕
0 comments:
Post a Comment