ដោយ ឡេង ម៉ាលី
2011-04-12
រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក ជូនពរជនជាតិខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោកស្រី ហ៊ីលឡារី គ្លិនតុន (Hillary Clinton) ធ្វើសន្និសីទកាសែតនៅឯក្រសួងការបរទេស ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១០។
ក្នុងសេចក្ដីប្រកាសព័ត៌មានពីទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នៅថ្ងៃទី១១ ខែមេសា លោកស្រី ហ៊ីលឡារី គ្លិនតុន (Hillary R. Clinton) បានផ្ញើសារជូនពរដល់ពលរដ្ឋកម្ពុជាថា ក្នុងនាមលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama) និងពលរដ្ឋអាមេរិក ខ្ញុំសូមអបអរសាទរចំពោះពលរដ្ឋកម្ពុជា ក្នុងឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ ដែលនឹងខិតជិតមកដល់នៅប៉ុន្មានថ្ងៃខាងមុខនេះ។ ពិធីបុណ្យចូលឆ្នាំថ្មីនេះ ជាឱកាសមួយដែលពលរដ្ឋខ្មែរត្រូវជួបជុំគ្រួសារ ញាតិមិត្តជិតឆ្ងាយ និងអ្នកជិតខាងតាមវប្បធម៌ប្រពៃណីសម្បូរបែបរបស់ខ្លួន។
នៅក្នុងឱកាសទស្សនកិច្ចរបស់ខ្ញុំនៅប្រទេសកម្ពុជា កាលពីឆ្នាំកន្លងទៅ ខ្ញុំមានការលើកទឹកចិត្តនឹងសុទិដ្ឋិនិយមជាខ្លាំងអំពីអ្នកដឹកនាំជំនាន់ក្រោយ និងឱកាសសម្រាប់ប្រទេសយើងទាំងពីរ ដើម្បីពង្រីកទំនាក់ទំនងឱ្យបានកាន់តែជិតស្និតថែមទៀត ជាមួយនឹងស្មារតីស៊ូទ្រាំរបស់ពលរដ្ឋកម្ពុជាគ្រប់រូប។ ប្រទេសយើងទាំងពីរបានធ្វើសហប្រតិបត្តិការជាមួយគ្នាលើបញ្ហាជាច្រើន ចាប់តាំងពីក្ដីកង្វល់លើបញ្ហាសុខភាពសាធារណៈ រហូតដល់ការពង្រីកសហប្រតិបត្តិការថែរក្សាសន្តិភាពអន្តរជាតិ។ យើងនៅតែប្ដេជ្ញារកមធ្យោបាយថ្មីៗ ថែមទៀត ដើម្បីពង្រឹងភាពជាដៃគូរបស់យើង ដើម្បីផលប្រយោជន៍នៃប្រទេសយើងទាំងពីរ។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ខ្ញុំសូមជម្រាបជូនលោកអ្នកថា សហរដ្ឋអាមេរិកប្ដេជ្ញាចិត្ត និងសូមជូនពរសព្វសាធុការយ៉ាងកក់ក្ដៅ ចំពោះពលរដ្ឋកម្ពុជាគ្រប់រូប សូមឱ្យជួបតែសេចក្ដីសុខ និងសេចក្ដីចម្រើនគ្រប់ប្រការ។ សួស្ដីឆ្នាំថ្មី!
Post a Comment