ការ​រំលឹក​អំពី​ថ្ងៃ​១៧​មេសា​កាល​ពី​៣៦​ឆ្នាំមុន



2011-04-18
ប្រទេស ​កម្ពុជា​ដែល​ធ្លាប់​មាន​កិត្តិយស សម្បូរ​រុងរឿង​ថ្កើងថ្កាន បាន​វិល​មក​ធ្លាក់​ចូល​ក្នុង​ភ្នក់​ភ្លើង​សង្គ្រាម យ៉ាង​សន្ធោ​សន្ធៅ​ច្បាំង​​សម្លាប់​ខ្មែរ​គ្នា​ឯង ក្នុង​រយៈ​ពេល​ជាង ២​ទសវត្ស​កន្លង​មក​នេះ។

RFA/Sok Serey
គណ ​បក្ស​សម​រង្ស៊ី​ចូល​រួម​ក្នុង​ពិធី​រំលឹក​ខួប ៣៦​ឆ្នាំ នៃ​របប​ខ្មែរ​ក្រហម​ឡើង​កាន់​អំណាច នៅ​វាល​ពិឃាដ​ជើង​ឯក ជាយ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៧ មេសា ២០១១
កាល ​ពី ៣៦ ឆ្នាំមុន គឺ​នៅ​ថ្ងៃ​ទី ១៧ មេសា ឆ្នាំ ១៩៧៥ កងទ័ព​កុម្មុយនិស្ត​ខ្មែរ​ក្រហម​ពី​គ្រប់​មុខ​ព្រួញ បាន​វាយ​សម្រុក​ចូល​ទី​ក្រុង​ភ្នំពេញ ហើយ​ដណ្ដើម​បាន​ជ័យជំនះ​ទាំង​ស្រុង​ទូទាំង​ប្រទេស ពី​របប​សាធារណរដ្ឋ​ខ្មែរ ដឹក​នាំ​ដោយ លោក​សេនាប្រមុខ លន់ នល់។ ជោគ​ជ័យ​របស់​ខ្មែរក្រហម ថ្ងៃ ១៧ មេសា ឆ្នាំ ១៩៧៥ កើត​ឡើង​បន្ទាប់​ពី​ពួក​គេ​បាន​ប្រយុទ្ធ​តស៊ូ​ដោយ​អាវុធ​ប្រឆាំង​រដ្ឋាភិបាល ​អស់​រយៈ​ពេល​ជាង​១០​ឆ្នាំ។ កងទ័ព​ខ្មែរក្រហម ដែល​មេ​ខ្មែរក្រហម​ហៅ​ថា កងទ័ព​រំដោះ​នោះ​ ចូល​ដល់​កន្លែង​ណា ដុត​ផ្ទះ​កម្ទេច​ផ្ទះ អ្នក​ស្រុក​កន្លែង​នោះ សម្លាប់​មនុស្ស​ឥត​រើស​មុខ។
អំឡុង ​ពេល​តស៊ូ​នយោបាយ​នឹង​អាវុធ​ចាប់​តាំង​ពី​ចុង​ទសវត្ស​ឆ្នាំ ១៩៦០ ដល់​ថ្ងៃ​ជ័យ​ជម្នះ​ឆ្នាំ ១៩៧៥ ពួក​ខ្មែរ​ក្រហម ត្រូវ​បាន​ប្រជាជន​តាម​ជនបទ និស្សិត បញ្ញវន្ត ទោះបីជា​នៅ​ខាង​រដ្ឋាភិបាល លន់ នល់ ក៏​ដោយ បាន​គាំទ្រ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់ ទាំង​ចំហ និង​សម្ងាត់។ នៅ​ក្នុង​ពេល​ខ្មែរ​ក្រហម​តស៊ូ​ក្នុង​ព្រៃ​ប្រឆាំង លន់ នល់ មាន​អ្នក​វិភាគ​នយោបាយ​ខ្មែរ​អព្យាក្រឹត​ខ្លះ បាន​ចំអក​អ្នក​គាំទ្រ​ខ្មែរក្រហម​ទាំង​នោះ​ថា ឆោត​ល្ងង់ ចាញ់​មនោគមន៍​នយោបាយ​កុម្មុយនិស្ត​ខ្មែរក្រហម ដោយ​បាន​លើក​ជា​ឧទាហរណ៍​ខ្លះៗ ថា ពួក​គេ​បាន​សរសើរ​ខ្មែរ​ក្រហម​ថា មាន​សីលធម៌​ល្អ ជា​អ្នក​ស្នេហា​ជាតិ ព្រោះ​ខ្មែរ​ក្រហម ហៅ​ប្រជាជន​ថា ​ពុក​ម៉ែ​បើ​ទោះបី​ជា ខ្មែរ​ក្រហម​ចូល​ដុត​ផ្ទះ ដុត​ភូមិ​អ្នក​ស្រុក សម្លាប់​អ្នក​ស្រុក​យ៉ាង​ណា​ក៏​ដោយ។ ហើយ​ទី​បំផុត ពួក​គេ​ត្រូវ​បាន​ខ្មែរ​ក្រហម​សម្លាប់​ចោល​ទាំង​អស់ នៅ​ពេល​ខ្មែរ​ក្រហម​ឡើង​កាន់​អំណាច។
ថ្ងៃ ១៧ មេសា នៅ​ពេល​នេះ កាល​ពី ៣៦ ឆ្នាំ​មុន ពួក​ខ្មែរក្រហម កំពុង​សម្លាប់​មនុស្ស និង​ជម្លៀស​ប្រជា​ជន​ចេញ​ពី​ទី​ក្រុង​ភ្នំពេញ ចេញ​ពី​​ទី​រួម​ខេត្ត និង​ទី​ក្រុង​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ទៅ​កាន់​តំបន់​ជនបទ​ស្រប​ពេល​នោះ​ ដែរ ពួក​ខ្មែរក្រហម​ស្វែង​រក​ចាប់ មន្ត្រី​រដ្ឋាភិបាល លន់ នល់ យក​ទៅ​សម្លាប់​ចោល​ស្ងាត់​ៗ ផង​ដែរ។ របប​ថ្មី​ដឹក​នាំ​ដោយ ប៉ុល ពត ចាប់​ផ្ដើម​យក​នយោបាយ​កុម្មុយនិស្ត​ថ្មី​មួយ​និយម​តាម​លទ្ធិ​ម៉ៅ ហៅ​ថា កម្ពុជា​ប្រជាធិបតេយ្យ បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ក្រឡាប់​ចក្រ​ទាំង​ស្រុង ដែល​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ។ តែ ប៉ុល ពត អួត​ថា ជ័យ​ជម្នះ ១៧ មេសា ជា​មហា​ជោគជ័យ​ប្រវត្តិសាស្ត្រ​តែ​មួយ​គត់ មិន​ធ្លាប់​មាន តាំង​ពី​​ប្រទេស​កម្ពុជា​បាន​កកើត​រាប់ពាន់​ឆ្នាំ​មក គឺ​បក្ស​កុម្មុយនិស្ត​កម្ពុជា បាន​រំដោះ​ប្រជាជន ដែល​ស្ថិត​ក្នុង​ភាព​ខ្ញុំ​គេ​ អស់​រាប់​ពាន់​ឆ្នាំ​មក​ហើយ។
ប៉ុល ពត បាន​បង្កើត​របប​នយោបាយ​ថ្មី​មួយ ដោយ​កាត់​ផ្ដាច់​ទំនាក់ទំនង​ការ​ទូត​ប្រទេស​កម្ពុជា ជា​មួយ​ប្រទេស​នានា​លើ​ពិភព​លោក ជា​ពិសេស​ប្រទេស​លោក​សេរី។ របប​ថ្មី​នេះ ជា​របប​កសាង​ប្រទេស​ដោយ​ធ្វើ​កសិកម្ម ដែល​មេ​ដឹកនាំ​ខ្មែរក្រហម​អះអាង​ដោយ​មោទនភាព​ថា ជា​របប​មួយ​ស្អាតស្អំ គ្មាន​អំពើ​ពុករលួយ គ្មាន​ការ​ជិះជាន់ គ្មាន​អ្នកមាន គ្មាន​អ្នកក្រ ប្រជាជន​គ្រប់​រូប​រស់​នៅ​ស្មើភាព​គ្នា គ្មាន​អ្នក​ធំ​គ្មាន​អ្នក​តូច បំបាត់​ផ្សារ បំបាត់​កម្មសិទ្ធិ​ឯកជន មិន​ចាយ​លុយ បិទ​សាលា​រៀន មន្ទីរពេទ្យ បំបាត់​ជំនឿ​សាសនា កម្ទេច​វត្ត និង​រូប​បដិមា​ព្រះ​ពុទ្ធ បង្កើត​សហករណ៍​សមូហភាព ហូបចុក រស់នៅ និង​ធ្វើ​ការ​ងារ​រួម​ សូម្បី​តែ​គ្រួសារ​ ក៏​មិន​មាន​កម្មសិទ្ធិ​ដែរ​ក្នុង​ឋានៈ​មនុស្ស​ដូច​ជា​ឪពុក​ម្ដាយ បងប្អូន​កូន​ចៅ។ អ្វី​ៗ ទាំង​អស់​ជា​កម្មសិទ្ធិ​របស់​អង្គការ​តែ​មួយ​គត់ សូម្បី​តែ​ជីវិត​មនុស្ស​ក៏​ជា​របស់​អង្គការ​ដែរ។ មនោគមន៍​វិជ្ជា​កុម្មុយនិស្ត​ដ៏​ក្រហម​ឆ្អិនឆ្អៅ មហា​លោត​ផ្លោះ មហា​អស្ចារ្យ​របស់​របប ប៉ុល ពត ធ្វើ​ឲ្យ​កូន​​មិន​ស្គាល់​អ្នក​មាន​គុណ ហ៊ាន​វាយ​សម្លាប់​ឪពុក​ម្ដាយ​ខ្លួន​ឯង ដោយ​ចោទ​ថា ជា​ខ្មាំង​បដិវត្តន៍ ឬ​ជា​ខ្មាំង​ប្រឆាំង​អង្គការ។
ក៏ ​ប៉ុន្តែ របប​កាន់​អំណាច​ផ្ដាច់​ការ​ដ៏​រន្ធត់​នេះ ត្រូវ​បាន​ផ្ដួល​រំលំ​ដោយ​កងទ័ព​វៀតណាម នៅ​ឆ្នាំ ១៩៧៩។ ប៉ុល ពត រួម​ទាំង​មេ​ដឹកនាំ​ខ្មែរក្រហម​ដទៃ​ទៀត បាន​រត់​គេច​ខ្លួន​ទៅ​ក្នុង​ព្រៃ​ក្បែរ​ព្រំដែន​ខ្មែរ-ថៃ តស៊ូ​ទប់ទល់​វាយ​បក​មក​លើ​កងទ័ព​វៀតណាម និង​រដ្ឋាភិបាល​ភ្នំពេញ។
ប្រជាជន ​ជិត ២ លាន​នាក់​ត្រូវ​បាន​គេ​សម្លាប់ និង​ស្លាប់​ដោយ​អត់​អាហារ និង​ធ្វើ​ការ​បាក់​កម្លាំង គ្មាន​ថ្នាំ​ព្យាបាល​ជំងឺ​ជាដើម នៅ​ក្នុង​របប ប៉ុល ពត កាន់​អំណាច​ពី​ឆ្នាំ ១៩៧៥ ដល់​ឆ្នាំ ១៩៧៩។ មក​ដល់​ថ្ងៃ​នេះ មាន​រយៈ​ពេល ៣៣ ឆ្នាំ​ហើយ មិន​មាន​មេ​ដឹកនាំ​ខ្មែរ​ក្រហម​ណា​ម្នាក់​ទទួល​ខុស​ត្រូវ​ចំពោះ​ជីវិត​ មនុស្ស​ជិត ២ លាន​នាក់​នេះ​ទេ។
មេ ​ដឹកនាំ​ខ្មែរ​ក្រហម​ម្នាក់ៗ បាន​ឆ្លើយ​យក​តែ​រួច​ខ្លួន។ សារព័ត៌មាន​បរទេស​ខ្លះ បាន​សរសេរ​ឡក​ឡើយ​ដាក់​មេ​ខ្មែរ​ក្រហម ពី​ការ​ដោះ​សារ​យក​រួច​ខ្លួន​នេះ ដូច​ជា​ថា មេ​ដឹក​នាំ​ខ្មែរ​ក្រហម​បាន​ព្យាយាម ទម្លាក់​កំហុស​លើ តា​ម៉ុក តែ​តា​ម៉ុក​បដិសេធ​ដោយ​ ឆ្លើយ​ថា «ស៊ី​អស់​ម៉ា​តុ ឲ្យ​ម៉ុក​ចេញ​លុយ​តែ​ឯង​ម៉េច​កើត» គឺ​មាន​ន័យ​ថា តា​ម៉ុក​មិន​អាច​ទទួល​ខុស​ត្រូវ​ចំពោះ​មនុស្ស ២ លាន​នាក់ ស្លាប់​ទៅ​ក្នុង​របប ប៉ុល ពត តែ​ម្នាក់​ឯង​បាន​ទេ។
មេ ​ដឹកនាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម​មាន ប៉ុល ពត នួន ជា ខៀវ សំផន អៀង សារី អៀង​ ធីរិទ្ធ។ ចំណែក ប៉ុល ពត ដែល​ជា​មេ​ដឹកនាំ​កំពូល​នៃ​របប​ខ្មែរក្រហម​ក៏​បដិសេធ​មិន​ទទួល​ខុស​ត្រូវ​ រឿង​នេះ​ដែរ។
នៅ ​ក្នុង​បទ​សម្ភាស​មួយ ជា​មួយ​លោក នេត ថៃយើ (Nate Thayer) អ្នក​យក​ព័ត៌មាន​ឱ្យ​ទស្សនាវដ្ដី​សេដ្ឋកិច្ច​ចុង​បូព៌ា (Far Eastern Economic Review) នៅ​អន្លង់​វែង នៅ​ឆ្នាំ ១៩៩៨ ប៉ុល ពត ដែល​កាល​នោះ​មាន​វ័យ​ចាស់​ជរា​ទៅ​ហើយ​នោះ បាន​ឆ្លើយ​ថា ខ្លួន​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​មនុស្ស​ស្លាប់​រាប់​លាន​នាក់​ដូច្នេះ​ទេ ព្រោះ ប៉ុល ពត មើល​ការ​ខុស​ត្រូវ​តែ​មន្ត្រី​ខ្មែរក្រហម​ជាន់​ខ្ពស់​តែ​ប៉ុណ្ណោះ ក្នុង​ពេល​ខ្លួន​កាន់​អំណាច ៖ «ខ្ញុំ​សុំ​ជម្រាប ខ្ញុំ​ធ្វើ​ការ​ខាង​លើ​មាន​តែ​ខ្ញុំ​សម្រេច​ចំពោះ​តែ​អ្នក​សំខាន់ៗ ទេ។ ឯ​អ្នក​ខាង​ក្រោម​ខ្ញុំ​អត់​ដឹង​ទេ»
ផ្ទុយ ​ទៅ​វិញ ប៉ុល ពត បាន​អះអាង​ថា ខ្លួន​ជា​អ្នក​ស្នេហា​ជាតិ និង​ប្រជាជន​កម្ពុជា បាន​ចំណាយ​ពេល​ត​ស៊ូរ​អស់​មួយ​ជីវិត ដើម្បី​ផល​ប្រយោជន៍​ប្រជាជន ៖ «តាំង ​ពី​ឆ្នាំ ១៩៤៦ មក ខ្ញុំ​រួម​​តស៊ូ​​មិន​មែន​ដើម្បី​សម្លាប់​ប្រជាជន​ទេ។ ឥឡូវ​ក៏​ដោយ លោក​មើល​មក​ខ្ញុំ ថា​មនុស្ស​កាច​ឃោរឃៅ ឬ​យ៉ាង​ម៉េច?…អត់​ទេ! ដូច្នេះ ជា​សតិ​សម្បជញ្ញៈ ជា​ទិស​ដៅ អត់​មាន​បញ្ហា​នេះ​ទេ សុំ​បែង​ចែង​ឲ្យ​ច្បាស់​បញ្ហា​នេះ»
ប៉ុល ពត បាន​ស្លាប់​នៅ​ឆ្នាំ ១៩៩៨ ក្នុង​តំបន់​អន្លង់វែង​ជាប់​ព្រំដែន​ថៃ ក្រោយ​បទ​សម្ភាស​នេះ​មួយ​រយៈ​ខ្លី​មក។
ចំពោះ ​សំនួរ​ថា តើ​នរណា​ទទួល​ខុស​ត្រូវ​ចំពោះ​ប្រជាជន ស្លាប់​ជិត ២ លាន​នាក់​នេះ នៅ​មិន​ទាន់​មាន​ចម្លើយ​នៅ​ឡើយ​ទេ។ បើ​គិត​ទៅ​ចាប់​តាំង​ពី​របប ប៉ុល ពត ដួល​រលំ​ទៅ​នៅ​ឆ្នាំ ១៩៧៩ មក​ទល់​ពេល​នេះ មាន​រយៈ​ពេល ៣៦ ឆ្នាំ គេ​នៅ​តែ​មិន​ទាន់​ដឹង​ថា អ្នក​ណា​ជា​អ្នក​ទទួល​ខុស​ត្រូវ​នៅ​ឡើយ។
កាល ​ពី​កក្កដា ឆ្នាំ ២០១០ សាលាក្ដី​ខ្មែរ​ក្រហម បាន​កាត់​ទោស កាំង ហ្កិចអៀវ ហៅ ឌុច អតីត​មេ​គុក​ទួល​ស្លែង ឲ្យ​ជាប់​គុក ៣៥ ឆ្នាំ ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ និង​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍ ក្នុង​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​សម្លាប់​អ្នកទោស​ជិត ២ ម៉ឺន​នាក់ នៅ​គុក​ទួល​ស្លែង ក្នុង​របប ប៉ុល ពត។ តែ ឌុច នៅ​តែ​បដិសេធ​ថា ខ្លួន​ធ្វើ​តាម​បញ្ជា​ថ្នាក់​លើ​ទេ។
ទោះ ​ជា​យ៉ាង​ណា​ក្ដី គេ​នឹង​រង់ចាំ​មើល​ចម្លើយ​នេះ ពី​ការ​កាត់​ក្ដី​របស់​សាលាក្ដី​ខ្មែរ​ក្រហម ដែល​កំពុង​រៀបចំ​ដំណើរ​ការ​លើ​ករណី​លេខ ០០២ ដែល​នឹង​ជម្រះ​ក្ដី​មេ​ដឹកនាំ​ខ្មែរក្រហម​ជាន់​ខ្ពស់ នៅ​សេស​សល់ គឺ នួន ជា ខៀវ សំផន អៀង សារី និងអៀង ធីរិទ្ធ ដែល​តុលាការ​ខ្មែរក្រហម ចោទ​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ និង​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍។
ថ្ងៃ ១៧ មេសា បាន​កើត​ឡើង​ជាង ៣០ ឆ្នាំ​ហើយ តែ​នៅ​ជា​ប្រធានបទ​ក្ដៅ​មួយ នៅ​ក្នុង​ចលនា​នយោបាយ​នៅ​ប្រទេស​កម្ពុជា។ មាន​បក្ស​នយោបាយ​ខ្លះ បាន​ទាញ​យក​ថ្ងៃ​នេះ ទាក់​ទាញ​អ្នក​គាំទ្រ​ផល​ប្រយោជន៍​នយោបាយ​ឲ្យ​បក្ស​របស់​ខ្លួន​តែ​រៀង​ ខ្លួន។ ដូច​ជា​កន្លង​មក គណបក្ស​ប្រជាជន​កម្ពុជា បាន​ជ្រើស​យក​ថ្ងៃ​ទី ២០ ឧសភា ធ្វើ​ជា​ទិវា​ចង​កំហឹង​របប​ប្រល័យ​ពូជ​សាសន៍ ប៉ុល ពត និង​បាន​កំណត់​យក​ថ្ងៃ ៧ មករា ជា​ថ្ងៃ​ជ័យ​ជម្នះ​លើ​របប​ប្រល័យ​ពូជ​សាសន៍​ជាដើម ដោយ​គិត​ថា ថ្ងៃ ១៧ មេសា គឺ​ជា​ថ្ងៃ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ចាប់​បដិសន្ធិ នៅ​ក្នុង​ប្រទេស​កម្ពុជា ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​សោកនាដកម្ម ដែល​គេ​មិន​អាច​បំភ្លេច​បាន។ បក្ស​នយោបាយ​ខ្មែរ​ខ្លះ​យល់​ថា ថ្ងៃ ៧ ខែ​មករា ជា​ថ្ងៃ​កងទ័ព​វៀតណាម​ឈ្លានពាន​កម្ពុជា​ទៅ​វិញ។​
នៅ ​ថ្ងៃ​ទី ១៧ ខែ​មេសា ឆ្នាំ ២០១១ នេះ​ដែរ មន្ត្រី​គណបក្ស សម រង្ស៊ី បាន​នាំ​គ្នា​ប្រារព្ធ​ពិធី​រំលឹក​វិញ្ញាណក្ខន្ធ​ដល់​ជន​រង​គ្រោះ​ក្នុង​របប ​ខ្មែរ​ក្រហម នៅ​វាល​ពិឃាដ​ជើង​ឯក ជាយ​ក្រុង​ភ្នំពេញ ហើយ​លោក សម រង្ស៊ី ប្រធាន​បក្ស​ជំទាស់ បាន​យក​ឱកាស​នេះ ឡកឡឺយ​ដាក់​មេ​ដឹកនាំ​បក្ស​ប្រជាជន ដោយ​បាន​អំពាវ​ដល់​តុលាការ​អន្តរជាតិ​ឲ្យ​នាំ​ខ្លួន​មន្ត្រី​បក្ស​ប្រជាជន​ ជាន់​ខ្ពស់ ដែល​កំពុង​កាន់​អំណាច​សព្វ​ថ្ងៃ​នេះ​ទៅ​កាត់​ទោស​ផង​ដែរ ពី​បទ​ទទួល​ខុស​ត្រូវ​ការ​សម្លាប់​មនុស្ស​ជិត ២ លាន​នាក់ ក្នុង​របប ប៉ុល ពត។ ការ​ចោទ​ប្រកាន់​នេះ ត្រូវ​បាន​មន្ត្រី​បក្ស​ប្រជាជន​បដិសេធ ជា​បន្ត​បន្ទាប់​ក្នុង​រយៈ​ពេល​កន្លង​មក។
នាយក ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា លោក ឆាំង យុ បាន​មាន​ប្រសាសន៍​ថា ថ្ងៃ ១៧ មេសា កម្ពុជា​មិន​យក​ថ្ងៃ​នេះ​ជា​ថ្ងៃ​បុណ្យ​ជាតិ សម្រាប់​ប្រជា​ពលរដ្ឋ​កម្ពុជា ឈប់​សម្រាក​នោះ​ទេ។
ថ្ងៃ ​ទី ១៧ ខែ​មេសា បាន​កើត​ឡើង​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ​ចំនួន ៣៦ ឆ្នាំ​មក​ហើយ។ បើ​ទោះ​បី​ជា​នៅ​ពេល​នេះ ទិវា​ថ្ងៃ​ទី ១៧ មេសា មិន​ត្រូវ​បាន​ចុះ​នៅ​ក្នុង​ប្រតិទិន ឬ​ចុះ​បញ្ជី​ជា​ថ្ងៃ​បុណ្យ​ជាតិ ជា​ផ្លូវ​ការ​យ៉ាង​ណា​ក្ដី ក៏​គេ​សង្កេត​ឃើញ​ថា នៅ​មាន​គេ​រំលឹក​ទិវា​នេះ ជា​រៀង​រាល់​ឆ្នាំ៕



Widget by Forex Trading | Business

comment 0 comments:

Post a Comment

Delete this element to display blogger navbar

 
© K-mall | Design by Blog template in collaboration with Concert Tickets, and Menopause symptoms
Powered by Blogger