អាមេរិក​បារម្ភ​ពី​បញ្ហា​ជម្លោះ​​​ខ្មែរ-​ថៃ


2011-04-26រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក លោកស្រី ហ៊ីលឡារី គ្លិនតុន (Hillary Clinton) កាល​ពី​ថ្ងៃ​ច័ន្ទ បាន​សម្ដែង​ក្ដី​បារម្ភ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការ​ប៉ះទង្គិច​កម្លាំង​ ប្រដាប់​អាវុធ​តាម​បណ្ដោយ​បន្ទាត់​ព្រំដែន​កម្ពុជា-​ថៃ។
RFA/Uon Chhin
រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក លោកស្រី ហ៊ីលឡារី គ្លិនតុន (Hillary Clinton) ថ្លែង​ទៅ​កាន់​យុវជន​កម្ពុជា នៅ​សាល​មហោស្រព​ចតុមុខ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០១០។
តាម​រយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​ជា​បន្ទាន់​មួយ លោកស្រី​បាន​ជំរុញ​ឲ្យ​ភាគី​ទាំង​សង​ខាង​ផ្អាក​សកម្មភាព​ជម្លោះ​នេះ ហើយ​ស្វែង​រក​ជំហាន​ដ៏​ចាំបាច់​ក្នុង​ការ​កាត់​បន្ថយ​ភាព​តានតឹង និង​ជៀសវាង​ជម្លោះ​បន្ថែម​ទៀត។ លោកស្រី​បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​ចាក​ចេញ​ពី​លំនៅឋាន​របស់​ជន​ ស៊ីវិល និង​ការ​ខូចខាត​ទ្រព្យ​សម្បត្តិ​ទាំង​ឡាយ។
លោកស្រី ហ៊ីលឡារី គ្លិនតុន បន្ត​ថា សហរដ្ឋអាមេរិក​គាំទ្រ​ដល់​កិច្ច​ប្រឹងប្រែង​របស់​ប្រទេស​ឥណ្ឌូណេស៊ី (Indonesia) ក្នុង​តួនាទី​របស់​ខ្លួន​ជា​ប្រធាន​សមាគម​អាស៊ាន (ASEAN) ដើម្បី​ស្វែង​រក​ដំណោះស្រាយ​សម្រាប់​ប្រទេស​ទាំង​ពីរ ហើយ​ថា សហរដ្ឋ​អាមេរិក​កំពុង​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​ថៃ និង​រដ្ឋាភិបាល​កម្ពុជា​ផ្ទាល់​អំពី​បញ្ហា​នេះ។
សហរដ្ឋអាមេរិក​ជំរុញ​ឲ្យ​រាជ​រដ្ឋាភិបាល​ថៃ និង​រាជ​រដ្ឋាភិបាល​កម្ពុជា ធ្វើ​ការ​ដោះស្រាយ​ជម្លោះ​នៃ​ប្រទេស​ទាំង​ពីរ​ដោយ​សន្តិវិធី ដើម្បី​ជួយ​ពង្រឹង​ដល់​ស្ថិរភាព​ក្នុង​តំបន់។
កម្ពុជា-​ថៃ​ចោទ​គ្នា​អំពី​ការ​ចាប់​ផ្ដើម​ផ្ទុះ​អាវុធ
ការ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​ថៃ និង​កម្ពុជា រយៈ​ពេល​បួន​ថ្ងៃ​នៅ​តាម​បណ្ដោយ​ព្រំដែន​កន្លង​មក​នេះ បាន​បណ្ដាល​ឲ្យ​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​ស្លាប់ និង​របួស​រៀងៗ​ខ្លួន ហើយ​ជន​ស៊ីវិល​របស់​ប្រទេស​ទាំង​ពីរ ក៏​កំពុង​ជម្លៀស​ខ្លួន​ចេញ​ពី​តំបន់​សង្គ្រាម​ផង​ដែរ។
វរសេនីយ៍​យោធា​ថៃ លោក សានសើន កែវកំនើត (Sansern Kaekumnerd) ថ្លែង​ប្រាប់​បណ្ដាញ​ទូរទស្សន៍​ខ្សែ​កាប CNN ថា ចាប់​តាំង​ពី​មាន​ការ​ប្រយុទ្ធ​គ្នា​រវាង​ខ្មែរ-​ថៃ រួច​មក ទាហាន​ថៃ ចំនួន​ ៤​នាក់​ស្លាប់ ហើយ​មួយ​ចំនួន​ទៀត​របួស ហើយ​ក្រុម​អាជ្ញាធរ​កំពុង​ជម្លៀស​មនុស្ស​ជា​ច្រើន​ចេញ​ពី​កន្លែង​ជម្លោះ។
នៅ​ក្នុង​ជម្លោះ​ដោយ​ប្រើ​កាំភ្លើង​ធុន​ធ្ងន់​បាញ់​ផ្លោង​ដាក់​គ្នា​នេះ ភាគី​កម្ពុជា និង​ភាគី​ថៃ បាន​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​អំពី​ការ​ចាប់​ផ្ដើម​ប្រើ​កម្លាំង​ ប្រដាប់​អាវុធ។ កម្ពុជា​បាន​ចោទ​ប្រកាន់​ថៃ​ថា បាន​ប្រើ​យន្តហោះ​ចម្បាំង F-16 បាញ់​អម​ជាមួយ​ការ​បាញ់​ផ្លោង​កាំភ្លើង​ធំ ហើយ​ថា បាន​ប្រើ​យន្តហោះ​ស៊ើប​ការ​ហោះ​ចូល​មក​ក្នុង​ដែន​អាកាស​របស់​កម្ពុជា។ រី​ឯ​ប្រទេស​ថៃ បាន​ចោទ​កម្ពុជា​ថា បាន​ចាប់​ផ្ដើម​ផ្លោង​មក​លើ​កម្លាំង​របស់​ខ្លួន។
កាល​ពី​ពេល​ថ្មី​នេះ អគ្គលេខាធិការ​នៃ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន (Ban Ki-Moon) បាន​ជំរុញ​ឲ្យ​ភាគី​ទាំង​សង​ខាង​បញ្ឈប់​ការ​ប្រយុទ្ធ​គ្នា​ជា​បន្ទាន់ ហើយ​ងាក​មក​រក​ការ​ចរចា​ដោយ​សន្តិវិធី។

ជន​ភៀស​សឹក ព្រំដែន ៣០៥
ជន​ភៀស​សឹក​ខ្មែរ ជួប​ប្រជុំ​គ្នា​នៅ​វត្ត​រាជាសំរោង ក្រុង​សំរោង ខេត្ត​ឧត្ដរមានជ័យ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១១។ RFA/Uon Chhin
ពលរដ្ឋ​ខ្មែរ​រាប់​ពាន់​គ្រួសារ​ចាក​ចេញ​ពី​លំនៅ
ក្រុម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា និយាយ​ថា ពលរដ្ឋ​ខ្មែរ​រាប់​ពាន់​គ្រួសារ​បាន​ចាក​ចេញ​ពី​លំនៅឋាន​ទៅ​ប្រមូល​ផ្ដុំ​ គ្នា​ក្នុង​ស្រុក​សំរោង និង​ស្រុក​បន្ទាយអំពិល ក្នុង​ឧត្តរមានជ័យ ដោយសារ​ការ​បន្ត​ឈ្លាន​ពាន​របស់​ប្រទេស​ថៃ មក​ក្នុង​ទឹក​ដី​កម្ពុជា និង​ការ​បាញ់​ផ្លោង​មក​លើ​កងទ័ព​របស់​កម្ពុជា។
អង្គភាព​ប្រតិកម្ម​រហ័ស​របស់​រដ្ឋាភិបាល​កម្ពុជា បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២៥ មេសា ថា កង​ទ័ព​ថៃ បាន​ប្រើ​កាំភ្លើង​បាញ់​មក​លើ​ជន​ស៊ីវិល​របស់​ខ្មែរ​ដែល​ស្ថិត​នៅ​ចម្ងាយ​ ប្រមាណ ២០​គីឡូម៉ែត្រ​ពី​ព្រំដែន។
ផ្អែក​តាម​តួលេខ​ចុង​ក្រោយ​របស់​អភិបាល​ខេត្ត​ឧត្តរមានជ័យ កាល​ពី​ថ្ងៃ​ច័ន្ទ ដដែល បាន​ឲ្យ​ដឹង​ថា ជន​ភៀស​ខ្លួន​ខ្មែរ​ជាង ២​ម៉ឺន​នាក់​បាន​ភៀស​ខ្លួន​ទៅ​តាម​ភូមិ​ផ្សេងៗ និង​ទៅ​ទី​សាធារណៈ៕


Widget by Forex Trading | Business

comment 0 comments:

Post a Comment

Delete this element to display blogger navbar

 
© K-mall | Design by Blog template in collaboration with Concert Tickets, and Menopause symptoms
Powered by Blogger