2011-04-25
រហូតមកដល់ពេលនេះ តុលាការនៅក្នុងប្រទេសកម្ពុជាបានផ្ដន្ទាទោសលោក សម រង្ស៊ី កំបាំងមុខឲ្យជាប់គុកចំនួន ១៤ឆ្នាំហើយ។ក្រៅពីនេះ តុលាការក្រុងភ្នំពេញបានបង្គាប់ឲ្យមានការចុះផ្សាយសាលក្រមនេះ លើទំព័រកាសែតរស្មីកម្ពុជា ចំនួន៣លេខ។
ចៅក្រមជម្រះក្ដី លោក សេង នាង បានអានសាលក្រមនៅថ្ងៃទី២៥ ខែមេសា ថាតុលាការក្រុងភ្នំពេញផ្ដន្ទាទោសលោក សម រង្ស៊ី តាមមាត្រាទី៣០៥ នៃក្រមព្រហ្មទណ្ឌថ្មី ក្រោមបទបរិហារកេរ្តិ៍សាធារណ និងផ្ដន្ទាទោសតាមមាត្រាទី៤៩៤ និងមាត្រា៤៩៦ នៃក្រមព្រហ្មទណ្ឌថ្មី ក្រោមបទញុះញង់ឲ្យមតិជាតិ និងអន្តរជាតិស្អប់ខ្ពើមមន្ត្រីរដ្ឋាភិបាល។
លោក សេង នាង បានបញ្ជាក់ថា តុលាការក្រុងភ្នំពេញបើកផ្លូវឲ្យលោក សម រង្ស៊ី ប្ដឹងទាស់សាលក្រមនេះទៅតុលាការសាលាឧទ្ធរណ៍ ក្នុងរយៈពេល ៣០ថ្ងៃ កំណត់ដោយច្បាប់។
មេធាវីការពារក្ដីឲ្យលោក សម រង្ស៊ី គឺលោក ជូង ជូងី ដែលមិនបានចូលរួមការពារក្តីសំណុំរឿងនេះ បានមានប្រសាសន៍ប្រតិកម្មថា លោកមិនអាចទទួលយកសាលក្រមនេះបានទេ ៖ "មិនមានយុត្តិធម៌សម្រាប់កូនក្ដីខ្ញុំទេ ហើយរឿងនេះ កូនក្ដីខ្ញុំនឹងប្ដឹងឧទ្ធរណ៍ហើយ"។
មេធាវីការពារក្ដីឲ្យរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង គឺលោក កា សាវុធ បានមានប្រសាសន៍ថា សាលក្រមនេះមានយុត្តិធម៌ ៖ "យុត្តិធម៌ ត្រឹមត្រូវចំពោះកូនក្តីខ្ញុំ ដែលត្រូវ សម រង្ស៊ី បរិហារកេរ្តិ៍ផង និងញុះញង់ឲ្យមានការរើសអើងផង ដើម្បីឲ្យគេស្អប់ឯកឧត្ដម ហោ ណាំហុង ផង ឲ្យមតិជាតិ និងអន្តរជាតិស្អប់ឯកឧត្ដម ហោ ណាំហុង ក៏ដូចជាស្អប់រាជរដ្ឋាភិបាលដែរ"។
មេដឹកនាំគណបក្ស សម រង្ស៊ី គឺលោក សម រង្ស៊ី បានរងការប្ដឹងដោយរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា គឺលោក ហោ ណាំហុង ទៅតុលាការប្រទេសបារាំង និងតុលាការក្រុងភ្នំពេញ ដោយសារតែលោក សម រង្ស៊ី បានធ្វើអត្ថាធិប្បាយកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០០៨ កន្លងទៅ នៅសារមន្ទីរវាលពិឃាដរបស់ខ្មែរក្រហម នៅបឹងជើងឯកថា លោក ហោ ណាំហុង ជាអតីតមេគុកបឹងត្របែកសម័យខ្មែរក្រហម ដែលមានអំណាចខ្លាំង។
តុលាការនៅទីក្រុងប៉ារីស ប្រទេសបារាំងបានកាត់សេចក្ដីឲ្យលោក សម រង្ស៊ី ចាញ់ក្ដីលោក ហោ ណាំហុង រួចម្ដងទៅហើយ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០០៩ កន្លងទៅ ដោយបានបង្គាប់ឲ្យលោក សម រង្ស៊ី សងជំងឺចិត្តលោក ហោ ណាំហុង ចំនួន ១អ៊ឺរ៉ូ ស្មើនឹងប្រហែល ៦០០០រៀល ក្រោមបទបរិហារកេរ្តិ៍ លោក ហោ ណាំងហុង៕
0 comments:
Post a Comment