អាមេរិក​ព្រមាន​កាត់​ជំនួយ​កម្ពុជា


2011-04-21
តំណាង​ដៃគូ​អភិវឌ្ឍន៍​រដ្ឋាភិបាល​កម្ពុជា ជា​ប្រទេស​ម្ចាស់​ជំនួយ​កម្ពុជា ក្នុង​វេទិកា​ពិភាក្សា​តាមដាន​ការ​អនុវត្ត​ការ​សន្យា​របស់​រដ្ឋាភិបាល​កម្ពុជា កាល​ពី​ឆ្នាំ​២០១០ បាន​ព្រមាន​ថា ជំនួយ​អភិវឌ្ឍន៍​កម្ពុជា នឹង​ត្រូវ​កាត់​បន្ថយ ប្រសិន​បើ​រដ្ឋាភិបាល​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​សមាគម-​អង្គការ មិន​មែន​រដ្ឋាភិបាល។

Photo: Wikipedia.org
ទង់ជាតិ​របស់​សហរដ្ឋ​អាមេរិក
មន្រ្តី​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​ដើម្បី​ការ​អភិវឌ្ឍ​អន្តរជាតិ (USAID) ប្រចាំ​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ពុធ ទី​២០ ខែ​មេសា បាន​ព្រមាន​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ថា សហរដ្ឋ​អាមេរិក​បាន​ប្ដេជ្ញា​ចិត្ត​ចំពោះ​ការ​ជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​បន្ថែម​ទៀត ប៉ុន្តែ​សហរដ្ឋអាមេរិក នឹង​ពិបាក​បង្កើន​ជំនួយ​បន្ថែម ប្រសិន​បើ​តួនាទី​របស់​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា កាន់​តែ​រួម​តូច​បន្ថែម​ទៀត។ 
ក្នុង​សុន្ទរកថា​របស់​នាយក​បេសកកម្ម​ទីភ្នាក់ងារ​ជំនួយ​សហរដ្ឋ​អាមេរិក USAID លោក ហ្វ្លីន ហ្វូល្ល័រ (Flynn Fuller) ថ្លែង​ទៅ​កាន់​អ្នក​ចូល​រួម​កិច្ច​ប្រជុំ​ដៃគូ​អភិវឌ្ឍន៍ បាន​សម្ដែង​ក្ដី​បារម្ភ​ចំពោះ​សេចក្ដី​ព្រាង​ច្បាប់​​​គ្រប់គ្រង​អង្គការ និង​សមាគម​មិន​មែន​រដ្ឋាភិបាល​ថា ច្បាប់​នេះ​នឹង​ធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​លទ្ធភាព​អង្គការ​សង្គម​ស៊ីវិល​ជា​ដៃគូ​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​ក្នុង​ការ​ជួយ​រដ្ឋាភិបាល​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា។ 
លោក ហ្វ្លីន ហ្វូល្ល័រ បន្ថែម​ទៀត​ថា សហរដ្ឋអាមេរិក​មាន​បំណង​ចង់​ជួយ​កម្ពុជា ប៉ុន្តែ​បើ​សកម្មភាព​របស់​អង្គការ​សង្គម​ស៊ីវិល​ត្រូវ​បាន​រឹតត្បិត​នោះ សហរដ្ឋអាមេរិក​ប្រហែល​ជា​ពិបាក​នឹង​បង្កើន​ជំនួយ​សម្រាប់​កម្ពុជា។
អង្គការ USAID កំពុង​និង​បាន​ធ្វើ​ការងារ​នៅ​កម្ពុជា ជាមួយ​អង្គការ​សង្គម​ស៊ីវិល​ប្រមាណ​ជាង ១០០​អង្គការ ទាក់ទង​នឹង​វិស័យ​អភិបាលកិច្ច ដូច​ជា​ផ្នែក​សុខភាព អប់រំ និង​ការ​ទប់ស្កាត់​អំពើ​ជួញ​ដូរ​មនុស្ស​ជាដើម។ 
កម្មវិធី​របស់ USAID បាន​ជួយ​កាត់​បន្ថយ​អត្រា​នៃ​ការ​ឆ្លង​មេរោគ (HIV) និង​ការ​ផ្ដល់​ថ្នាំ​ពន្យារ​ជីវិត។ កម្មវិធី​នេះ​ក៏​បាន​ជួយ​ទប់​ស្កាត់ និង​ព្យាបាល​អ្នក​ជំងឺ​របេង​នៅ​កម្ពុជា ផង​ដែរ។ ពលរដ្ឋ​ខ្មែរ​ប្រមាណ ៦៤% កំពុង​ប៉ះពាល់​ដោយសារ​ជំងឺ​របេង។ 
លោក ហ្វ្លីន ហ្វូល្ល័រ ក៏​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​អំពី​ភាព​ចាំបាច់​នៃ​សេចក្ដី​ព្រាង​ច្បាប់​គ្រប់គ្រង​អង្គការ និង​សមាគម​មិន​មែន​រដ្ឋាភិបាល​សា​ជា​ថ្មី​ម្ដង​ទៀត។ ប្រសិន​បើ​មាន​ភាព​ចាំបាច់ រដ្ឋាភិបាល​កម្ពុជា​ត្រូវ​តែ​កែប្រែ​មាត្រា​មួយ​ចំនួន​ក្នុង​សេចក្ដី​ព្រាង​ច្បាប់ ដើម្បី​កាត់​បន្ថយ​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព និង​សកម្មភាព​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ការ​បំពេញ​តួនាទី​របស់​ពួកគេ។ 
ក្នុង​កិច្ច​ប្រជុំ​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​កម្ពុជា ឬ​កិច្ច​ប្រជុំ​ស្វែង​រក​ជំនួយ​បរទេស កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១០ លោក ហ៊ុន សែន បាន​សន្យា​នឹង​តំណាង​ប្រទេស​ម្ចាស់​ជំនួយ​ថា លោក​នឹង​ប្ដេជ្ញា​ធ្វើ​កំណែ​ទម្រង់​ស៊ី​ជម្រៅ និង​បន្ត​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ជា​ទិសដៅ​អាទិភាព​របស់​រដ្ឋាភិបាល។ លោក ហ៊ុន សែន ថា កំណែ​ទម្រង់​ស៊ី​ជម្រៅ​ជា​បញ្ហា​ស្លាប់​និង​រស់។ ក្រោយ​ពី​ការ​សន្យា​នេះ ម្ចាស់​ជំនួយ​បាន​ផ្ដល់​ជំនួយ​ឲ្យ​កម្ពុជា ប្រមាណ​ជាង ១​ពាន់​លាន​ដុល្លារ។ 
រដ្ឋាភិបាល​កម្ពុជា នៅ​មិន​ទាន់​បាន​បង្ហាញ​ពី​ជំហរ​ខ្លួន​ទាក់ទង​នឹង​ក្ដី​កង្វល់​របស់​ម្ចាស់​ជំនួយ អំពី​សេចក្ដី​ព្រាង​ច្បាប់​មាន​បញ្ហា​នេះ​នៅ​ឡើយ​ទេ កាល​ពី​ថ្ងៃ​ពុធ។
រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក គាត ឈន់ ជា​ប្រធាន​កិច្ច​ប្រជុំ​ការ​ពិភាក្សា​តាមដាន​ការ​សន្យា​របស់​រដ្ឋាភិបាល​កាល​ពី​ឆ្នាំ​២០១០ បាន​មាន​ប្រសាសន៍​ថា លោក​ទុក​ចិត្ត​លើ​ក្រសួង​ពាក់ព័ន្ធ ជា​ពិសេស​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ក្នុង​ការ​ដោះស្រាយ​លើ​បញ្ហា​ទាំង​ឡាយ​ដែល​ប្រទេស​ម្ចាស់​ជំនួយ​បាន​សម្ដែង​ក្ដី​​កង្វល់៕ 


Widget by Forex Trading | Business

comment 0 comments:

Post a Comment

Delete this element to display blogger navbar

 
© K-mall | Design by Blog template in collaboration with Concert Tickets, and Menopause symptoms
Powered by Blogger