2011-04-18
ប្រទេស
កម្ពុជាដែលធ្លាប់មានកិត្តិយស សម្បូររុងរឿងថ្កើងថ្កាន
បានវិលមកធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាម
យ៉ាងសន្ធោសន្ធៅច្បាំងសម្លាប់ខ្មែរគ្នាឯង ក្នុងរយៈពេលជាង
២ទសវត្សកន្លងមកនេះ។
កាល
ពី ៣៦ ឆ្នាំមុន គឺនៅថ្ងៃទី ១៧ មេសា ឆ្នាំ ១៩៧៥
កងទ័ពកុម្មុយនិស្តខ្មែរក្រហមពីគ្រប់មុខព្រួញ
បានវាយសម្រុកចូលទីក្រុងភ្នំពេញ
ហើយដណ្ដើមបានជ័យជំនះទាំងស្រុងទូទាំងប្រទេស ពីរបបសាធារណរដ្ឋខ្មែរ
ដឹកនាំដោយ លោកសេនាប្រមុខ លន់ នល់។ ជោគជ័យរបស់ខ្មែរក្រហម ថ្ងៃ ១៧ មេសា
ឆ្នាំ ១៩៧៥
កើតឡើងបន្ទាប់ពីពួកគេបានប្រយុទ្ធតស៊ូដោយអាវុធប្រឆាំងរដ្ឋាភិបាល
អស់រយៈពេលជាង១០ឆ្នាំ។ កងទ័ពខ្មែរក្រហម ដែលមេខ្មែរក្រហមហៅថា
កងទ័ពរំដោះនោះ ចូលដល់កន្លែងណា ដុតផ្ទះកម្ទេចផ្ទះ
អ្នកស្រុកកន្លែងនោះ សម្លាប់មនុស្សឥតរើសមុខ។
អំឡុង
ពេលតស៊ូនយោបាយនឹងអាវុធចាប់តាំងពីចុងទសវត្សឆ្នាំ ១៩៦០
ដល់ថ្ងៃជ័យជម្នះឆ្នាំ ១៩៧៥ ពួកខ្មែរក្រហម ត្រូវបានប្រជាជនតាមជនបទ
និស្សិត បញ្ញវន្ត ទោះបីជានៅខាងរដ្ឋាភិបាល លន់ នល់ ក៏ដោយ
បានគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ ទាំងចំហ និងសម្ងាត់។
នៅក្នុងពេលខ្មែរក្រហមតស៊ូក្នុងព្រៃប្រឆាំង លន់ នល់
មានអ្នកវិភាគនយោបាយខ្មែរអព្យាក្រឹតខ្លះ
បានចំអកអ្នកគាំទ្រខ្មែរក្រហមទាំងនោះថា ឆោតល្ងង់
ចាញ់មនោគមន៍នយោបាយកុម្មុយនិស្តខ្មែរក្រហម ដោយបានលើកជាឧទាហរណ៍ខ្លះៗ
ថា ពួកគេបានសរសើរខ្មែរក្រហមថា មានសីលធម៌ល្អ ជាអ្នកស្នេហាជាតិ
ព្រោះខ្មែរក្រហម ហៅប្រជាជនថា ពុកម៉ែបើទោះបីជា
ខ្មែរក្រហមចូលដុតផ្ទះ ដុតភូមិអ្នកស្រុក
សម្លាប់អ្នកស្រុកយ៉ាងណាក៏ដោយ។ ហើយទីបំផុត
ពួកគេត្រូវបានខ្មែរក្រហមសម្លាប់ចោលទាំងអស់
នៅពេលខ្មែរក្រហមឡើងកាន់អំណាច។
ថ្ងៃ
១៧ មេសា នៅពេលនេះ កាលពី ៣៦ ឆ្នាំមុន ពួកខ្មែរក្រហម
កំពុងសម្លាប់មនុស្ស និងជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ
ចេញពីទីរួមខេត្ត
និងទីក្រុងនៅទូទាំងប្រទេសកម្ពុជាទៅកាន់តំបន់ជនបទស្របពេលនោះ
ដែរ ពួកខ្មែរក្រហមស្វែងរកចាប់ មន្ត្រីរដ្ឋាភិបាល លន់ នល់
យកទៅសម្លាប់ចោលស្ងាត់ៗ ផងដែរ។ របបថ្មីដឹកនាំដោយ ប៉ុល ពត
ចាប់ផ្ដើមយកនយោបាយកុម្មុយនិស្តថ្មីមួយនិយមតាមលទ្ធិម៉ៅ ហៅថា
កម្ពុជាប្រជាធិបតេយ្យ បានធ្វើឲ្យប្រទេសកម្ពុជា
ក្រឡាប់ចក្រទាំងស្រុង ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រខ្មែរ។
តែ ប៉ុល ពត អួតថា ជ័យជម្នះ ១៧ មេសា
ជាមហាជោគជ័យប្រវត្តិសាស្ត្រតែមួយគត់ មិនធ្លាប់មាន
តាំងពីប្រទេសកម្ពុជាបានកកើតរាប់ពាន់ឆ្នាំមក
គឺបក្សកុម្មុយនិស្តកម្ពុជា បានរំដោះប្រជាជន
ដែលស្ថិតក្នុងភាពខ្ញុំគេ អស់រាប់ពាន់ឆ្នាំមកហើយ។
ប៉ុល
ពត បានបង្កើតរបបនយោបាយថ្មីមួយ
ដោយកាត់ផ្ដាច់ទំនាក់ទំនងការទូតប្រទេសកម្ពុជា
ជាមួយប្រទេសនានាលើពិភពលោក ជាពិសេសប្រទេសលោកសេរី។ របបថ្មីនេះ
ជារបបកសាងប្រទេសដោយធ្វើកសិកម្ម
ដែលមេដឹកនាំខ្មែរក្រហមអះអាងដោយមោទនភាពថា ជារបបមួយស្អាតស្អំ
គ្មានអំពើពុករលួយ គ្មានការជិះជាន់ គ្មានអ្នកមាន គ្មានអ្នកក្រ
ប្រជាជនគ្រប់រូបរស់នៅស្មើភាពគ្នា គ្មានអ្នកធំគ្មានអ្នកតូច
បំបាត់ផ្សារ បំបាត់កម្មសិទ្ធិឯកជន មិនចាយលុយ បិទសាលារៀន មន្ទីរពេទ្យ
បំបាត់ជំនឿសាសនា កម្ទេចវត្ត និងរូបបដិមាព្រះពុទ្ធ
បង្កើតសហករណ៍សមូហភាព ហូបចុក រស់នៅ និងធ្វើការងាររួម
សូម្បីតែគ្រួសារ
ក៏មិនមានកម្មសិទ្ធិដែរក្នុងឋានៈមនុស្សដូចជាឪពុកម្ដាយ
បងប្អូនកូនចៅ។ អ្វីៗ ទាំងអស់ជាកម្មសិទ្ធិរបស់អង្គការតែមួយគត់
សូម្បីតែជីវិតមនុស្សក៏ជារបស់អង្គការដែរ។
មនោគមន៍វិជ្ជាកុម្មុយនិស្តដ៏ក្រហមឆ្អិនឆ្អៅ មហាលោតផ្លោះ
មហាអស្ចារ្យរបស់របប ប៉ុល ពត ធ្វើឲ្យកូនមិនស្គាល់អ្នកមានគុណ
ហ៊ានវាយសម្លាប់ឪពុកម្ដាយខ្លួនឯង ដោយចោទថា ជាខ្មាំងបដិវត្តន៍
ឬជាខ្មាំងប្រឆាំងអង្គការ។
ក៏
ប៉ុន្តែ របបកាន់អំណាចផ្ដាច់ការដ៏រន្ធត់នេះ
ត្រូវបានផ្ដួលរំលំដោយកងទ័ពវៀតណាម នៅឆ្នាំ ១៩៧៩។ ប៉ុល ពត
រួមទាំងមេដឹកនាំខ្មែរក្រហមដទៃទៀត
បានរត់គេចខ្លួនទៅក្នុងព្រៃក្បែរព្រំដែនខ្មែរ-ថៃ
តស៊ូទប់ទល់វាយបកមកលើកងទ័ពវៀតណាម និងរដ្ឋាភិបាលភ្នំពេញ។
ប្រជាជន
ជិត ២ លាននាក់ត្រូវបានគេសម្លាប់ និងស្លាប់ដោយអត់អាហារ
និងធ្វើការបាក់កម្លាំង គ្មានថ្នាំព្យាបាលជំងឺជាដើម នៅក្នុងរបប
ប៉ុល ពត កាន់អំណាចពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩។ មកដល់ថ្ងៃនេះ
មានរយៈពេល ៣៣ ឆ្នាំហើយ
មិនមានមេដឹកនាំខ្មែរក្រហមណាម្នាក់ទទួលខុសត្រូវចំពោះជីវិត
មនុស្សជិត ២ លាននាក់នេះទេ។
មេ
ដឹកនាំខ្មែរក្រហមម្នាក់ៗ បានឆ្លើយយកតែរួចខ្លួន។
សារព័ត៌មានបរទេសខ្លះ បានសរសេរឡកឡើយដាក់មេខ្មែរក្រហម
ពីការដោះសារយករួចខ្លួននេះ ដូចជាថា
មេដឹកនាំខ្មែរក្រហមបានព្យាយាម ទម្លាក់កំហុសលើ តាម៉ុក
តែតាម៉ុកបដិសេធដោយ ឆ្លើយថា «ស៊ីអស់ម៉ាតុ
ឲ្យម៉ុកចេញលុយតែឯងម៉េចកើត» គឺមានន័យថា
តាម៉ុកមិនអាចទទួលខុសត្រូវចំពោះមនុស្ស ២ លាននាក់
ស្លាប់ទៅក្នុងរបប ប៉ុល ពត តែម្នាក់ឯងបានទេ។
មេ
ដឹកនាំជាន់ខ្ពស់ខ្មែរក្រហមមាន ប៉ុល ពត នួន ជា ខៀវ សំផន អៀង សារី អៀង
ធីរិទ្ធ។ ចំណែក ប៉ុល ពត
ដែលជាមេដឹកនាំកំពូលនៃរបបខ្មែរក្រហមក៏បដិសេធមិនទទួលខុសត្រូវ
រឿងនេះដែរ។
នៅ
ក្នុងបទសម្ភាសមួយ ជាមួយលោក នេត ថៃយើ (Nate Thayer)
អ្នកយកព័ត៌មានឱ្យទស្សនាវដ្ដីសេដ្ឋកិច្ចចុងបូព៌ា (Far Eastern
Economic Review) នៅអន្លង់វែង នៅឆ្នាំ ១៩៩៨ ប៉ុល ពត
ដែលកាលនោះមានវ័យចាស់ជរាទៅហើយនោះ បានឆ្លើយថា
ខ្លួនមិនទទួលខុសត្រូវចំពោះមនុស្សស្លាប់រាប់លាននាក់ដូច្នេះទេ
ព្រោះ ប៉ុល ពត
មើលការខុសត្រូវតែមន្ត្រីខ្មែរក្រហមជាន់ខ្ពស់តែប៉ុណ្ណោះ
ក្នុងពេលខ្លួនកាន់អំណាច ៖ «ខ្ញុំសុំជម្រាប ខ្ញុំធ្វើការខាងលើមានតែខ្ញុំសម្រេចចំពោះតែអ្នកសំខាន់ៗ ទេ។ ឯអ្នកខាងក្រោមខ្ញុំអត់ដឹងទេ»។
ផ្ទុយ
ទៅវិញ ប៉ុល ពត បានអះអាងថា ខ្លួនជាអ្នកស្នេហាជាតិ
និងប្រជាជនកម្ពុជា បានចំណាយពេលតស៊ូរអស់មួយជីវិត
ដើម្បីផលប្រយោជន៍ប្រជាជន ៖ «តាំង
ពីឆ្នាំ ១៩៤៦ មក ខ្ញុំរួមតស៊ូមិនមែនដើម្បីសម្លាប់ប្រជាជនទេ។
ឥឡូវក៏ដោយ លោកមើលមកខ្ញុំ ថាមនុស្សកាចឃោរឃៅ ឬយ៉ាងម៉េច?…អត់ទេ!
ដូច្នេះ ជាសតិសម្បជញ្ញៈ ជាទិសដៅ អត់មានបញ្ហានេះទេ
សុំបែងចែងឲ្យច្បាស់បញ្ហានេះ»។
ប៉ុល ពត បានស្លាប់នៅឆ្នាំ ១៩៩៨ ក្នុងតំបន់អន្លង់វែងជាប់ព្រំដែនថៃ ក្រោយបទសម្ភាសនេះមួយរយៈខ្លីមក។
ចំពោះ
សំនួរថា តើនរណាទទួលខុសត្រូវចំពោះប្រជាជន ស្លាប់ជិត ២ លាននាក់នេះ
នៅមិនទាន់មានចម្លើយនៅឡើយទេ។ បើគិតទៅចាប់តាំងពីរបប ប៉ុល ពត
ដួលរលំទៅនៅឆ្នាំ ១៩៧៩ មកទល់ពេលនេះ មានរយៈពេល ៣៦ ឆ្នាំ
គេនៅតែមិនទាន់ដឹងថា អ្នកណាជាអ្នកទទួលខុសត្រូវនៅឡើយ។
កាល
ពីកក្កដា ឆ្នាំ ២០១០ សាលាក្ដីខ្មែរក្រហម បានកាត់ទោស កាំង ហ្កិចអៀវ ហៅ
ឌុច អតីតមេគុកទួលស្លែង ឲ្យជាប់គុក ៣៥ ឆ្នាំ
ពីបទឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍
ក្នុងការទទួលខុសត្រូវចំពោះការសម្លាប់អ្នកទោសជិត ២ ម៉ឺននាក់
នៅគុកទួលស្លែង ក្នុងរបប ប៉ុល ពត។ តែ ឌុច នៅតែបដិសេធថា
ខ្លួនធ្វើតាមបញ្ជាថ្នាក់លើទេ។
ទោះ
ជាយ៉ាងណាក្ដី គេនឹងរង់ចាំមើលចម្លើយនេះ
ពីការកាត់ក្ដីរបស់សាលាក្ដីខ្មែរក្រហម
ដែលកំពុងរៀបចំដំណើរការលើករណីលេខ ០០២
ដែលនឹងជម្រះក្ដីមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ នៅសេសសល់ គឺ នួន ជា
ខៀវ សំផន អៀង សារី និងអៀង ធីរិទ្ធ ដែលតុលាការខ្មែរក្រហម
ចោទពីបទឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍។
ថ្ងៃ
១៧ មេសា បានកើតឡើងជាង ៣០ ឆ្នាំហើយ តែនៅជាប្រធានបទក្ដៅមួយ
នៅក្នុងចលនានយោបាយនៅប្រទេសកម្ពុជា។ មានបក្សនយោបាយខ្លះ
បានទាញយកថ្ងៃនេះ
ទាក់ទាញអ្នកគាំទ្រផលប្រយោជន៍នយោបាយឲ្យបក្សរបស់ខ្លួនតែរៀង
ខ្លួន។ ដូចជាកន្លងមក គណបក្សប្រជាជនកម្ពុជា បានជ្រើសយកថ្ងៃទី ២០
ឧសភា ធ្វើជាទិវាចងកំហឹងរបបប្រល័យពូជសាសន៍ ប៉ុល ពត
និងបានកំណត់យកថ្ងៃ ៧ មករា
ជាថ្ងៃជ័យជម្នះលើរបបប្រល័យពូជសាសន៍ជាដើម ដោយគិតថា ថ្ងៃ ១៧ មេសា
គឺជាថ្ងៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ចាប់បដិសន្ធិ
នៅក្នុងប្រទេសកម្ពុជា ជាថ្ងៃប្រវត្តិសាស្ត្រសោកនាដកម្ម
ដែលគេមិនអាចបំភ្លេចបាន។ បក្សនយោបាយខ្មែរខ្លះយល់ថា ថ្ងៃ ៧ ខែមករា
ជាថ្ងៃកងទ័ពវៀតណាមឈ្លានពានកម្ពុជាទៅវិញ។
នៅ
ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០១១ នេះដែរ មន្ត្រីគណបក្ស សម រង្ស៊ី
បាននាំគ្នាប្រារព្ធពិធីរំលឹកវិញ្ញាណក្ខន្ធដល់ជនរងគ្រោះក្នុងរបប
ខ្មែរក្រហម នៅវាលពិឃាដជើងឯក ជាយក្រុងភ្នំពេញ ហើយលោក សម រង្ស៊ី
ប្រធានបក្សជំទាស់ បានយកឱកាសនេះ ឡកឡឺយដាក់មេដឹកនាំបក្សប្រជាជន
ដោយបានអំពាវដល់តុលាការអន្តរជាតិឲ្យនាំខ្លួនមន្ត្រីបក្សប្រជាជន
ជាន់ខ្ពស់ ដែលកំពុងកាន់អំណាចសព្វថ្ងៃនេះទៅកាត់ទោសផងដែរ
ពីបទទទួលខុសត្រូវការសម្លាប់មនុស្សជិត ២ លាននាក់ ក្នុងរបប ប៉ុល
ពត។ ការចោទប្រកាន់នេះ ត្រូវបានមន្ត្រីបក្សប្រជាជនបដិសេធ
ជាបន្តបន្ទាប់ក្នុងរយៈពេលកន្លងមក។
នាយក
មជ្ឈមណ្ឌលឯកសារកម្ពុជា លោក ឆាំង យុ បានមានប្រសាសន៍ថា ថ្ងៃ ១៧ មេសា
កម្ពុជាមិនយកថ្ងៃនេះជាថ្ងៃបុណ្យជាតិ សម្រាប់ប្រជាពលរដ្ឋកម្ពុជា
ឈប់សម្រាកនោះទេ។
ថ្ងៃ
ទី ១៧ ខែមេសា បានកើតឡើងក្នុងប្រវត្តិសាស្ត្រខ្មែរចំនួន ៣៦
ឆ្នាំមកហើយ។ បើទោះបីជានៅពេលនេះ ទិវាថ្ងៃទី ១៧ មេសា
មិនត្រូវបានចុះនៅក្នុងប្រតិទិន ឬចុះបញ្ជីជាថ្ងៃបុណ្យជាតិ
ជាផ្លូវការយ៉ាងណាក្ដី ក៏គេសង្កេតឃើញថា នៅមានគេរំលឹកទិវានេះ
ជារៀងរាល់ឆ្នាំ៕
0 comments:
Post a Comment